​(អង់ការ៉ា)៖ មនុស្សបីនាក់​បានស្លាប់បាត់បង់ជីវិត​ នៅក្នុងគ្រោះធ្លាក់​យន្ដហោះយោធាតួកគី​មួយគ្រឿងធុន CASA CN-235 នៅឯភាគខាងត្បូង​ទីក្រុង Isparta នៃខេត្ត Anatolia ប្រទេសតួកគី នៅអំឡុងពេល​ហ្វឹកហាត់។ នេះបើតាម​ប្រភពពីមន្ត្រីយោធាតួកគី ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

យោធាតួកគី នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន​បានឱ្យដឹងថា អ្នកបើកយន្ដហោះ​ពីរនាក់ និងអ្នកបច្ចេកទេស​ម្នាក់ បានជិះនៅលើ​យន្ដហោះ CN-235 ហើយអ្នកទាំង​បីនាក់បាន​ស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ​នេះ កាលពី​ថ្ងៃពុធ នៅក្បែរបឹង Egirdir Lake។ យោធា​តួកគី បន្ថែមទៀតថា យន្ដហោះនេះ​បានដាច់ទំនាក់ទំនង​ពីប្រព័ន្ធរ៉ាដា នៅម៉ោង ១២៖៥០នាទីថ្ងៃត្រង់ (ម៉ោងនៅក្នុងតំបន់) ហើយក្រុម​អ្នកជួយសង្រ្គោះ បានរកឃើញបំណែក​យន្ដហោះក្រោយ​ទទួលបានដំណឹង។ ប៉ុន្តែ មូលហេតុធ្លាក់មិន​ទាន់ត្រូវបាន​គេកំណត់ នៅឡើយទេ ខណៈគេជឿជាក់ថា វាអាចមកពីបញ្ហា​អាកាសធាតុ។

គួរបញ្ជាក់ថា យន្ដហោះ CASA CN-235 ជាប្រភេទយន្ដហោះ​យោធា​ដឹកជញ្ជូនរយៈចំងាយមធ្យម ផលិតឡើងដោយ​ក្រុមហ៊ុនរបស់​អេស្ប៉ាញ Construcciones Aeronauticas SA និងក្រុមហ៊ុន Indonesian Aerospace។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វ​ផ្សាយតួកគី យន្ដហោះ​ប្រភេទនេះ ដែលកំពុងបម្រើក​ងទ័ពអាកាស​តួកគី បានធ្លាក់បីដងរួច​មកហើយ ក្នុងនោះរួមមាន​ទាំងគ្រោះថ្នាក់ធ្លាក់​កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០១ ដោយបណ្ដាល​ឱ្យកងទ័ពតួកគី ៣៤នាក់ បាត់បង់ជីវិត៕