(វ៉ាស៊ីនតោន)៖ យោធាអាមេរិក​មានបំណងចង់ធ្វើ​ទំនើបកម្ម ទៅលើអាវុធនុយក្លេអ៊ែរ​របស់ខ្លួន ព្រមទាំងអភិវឌ្ឍន៍​នុយក្លេអ៊ែរ​​ប្រភេទ​ថ្មី​ ដែលអ្នកជំនាញ​ព្រួយបារម្ភថា អាចនាំទៅរក​ការរីកសាយ និងបង្កើនហានិភ័យ​កាន់តែខ្លាំង នៃសង្រ្គាម​នុយក្លេអ៊ែរ។ នេះបើតាម​​ការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

ការស្នើឲ្យមានការផ្លាស់ប្តូរខាងលើ ចំពោះកម្មវិធីនុយក្លេអ៊ែរ នៃប្រទេសមហាអំណាច​ពិភពលោក​មួយនេះ ដែលត្រូវបាន​រៀបរាប់​នៅក្នុងសំណៅ​ព្រាងមួយ នៃរបាយការណ៍ត្រួតពិនិត្យ​គោលជំហរ​កម្មវិធីនុយក្លេអ៊ែរ​ របស់ក្រសួង​ការពារជាតិ​អាមេរិកនោះ បាន​បង្ហាញពីការងាក​ចេញពី​ទស្សនៈវិស័យ​ សម្រាប់អនាគត​នុយក្លេអ៊ែរ​អាមេរិក នៅក្រោម​ការដឹកនាំរបស់​អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលក្នុង​អំឡុង​ការថ្លែងសុន្ទរកថា​​ដ៏ល្បីមួយ នៅក្នុង​ទីក្រុង Prague កាលពី​ឆ្នាំ២០០៩ បានអំពាវនាវ​ឲ្យមាន​ការ​លុបបំបាត់ទាំងស្រុង​ ​នៃអាវុធប្រល័យ​លោក​នុយក្លេអ៊ែរ។

គួរជម្រាបថា ដោយលើកឡើងថា ស្ថានការណ៍សន្តិសុខ​នាពេលបច្ចុប្បន្ន មានសភាព​ស្មុគស្មាញជាង​កាលពីប្រមាណ ១០ឆ្នាំមុន​នោះ ឯកសារព្រាង​ខាងលើ បានគូស​បញ្ជាក់ថា សហរដ្ឋអាមេរិក​ត្រូវការគិតគូរឲ្យបានហ្មត់ចត់ អំពីគោល​នយោបាយ​នុយ​ក្លេ​អ៊ែរ​របស់ខ្លួន​ឡើងវិញ ឲ្យត្រូវនឹងការវាយតម្លៃ​ក្នុងលក្ខណៈ​ពិតជាក់ស្តែង នៃការគម្រាមកំហែង ដែលខ្លួនកំពុងជួប​ប្រទះនាសព្វថ្ងៃ​នេះ ​ដោយរាប់ទាំង​កូរ៉េខាងជើង រុស្ស៊ី និងចិន ជាដើម៕