(សេអ៊ូល)៖ នៅទីបំផុត កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងដើរជាក្បួនដង្ហែរួមគ្នាក្រោមទង់ជាតិនៃប្រទេសទាំងពីរ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវ រងារ រៀបចំឡើងនៅលើទឹកដីកូរ៉េខាងត្បូង នៅខែកុម្ភៈខាងមុខនេះ។ នេះបើតាមរដ្ឋាភិបាលទីក្រុងសេអ៊ូល ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះ បន្តិចនាយប់ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

ការឯកភាពគ្នានេះត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េទាំងពីរ បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ ស្ដីពីការបញ្ជូនអត្តពលិកកូរ៉េឱ្យមក​ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ចាប់ពីខែកុម្ភៈដល់ ខែមីនា ឆ្នាំ២០១៨នេះ។ ជាងនេះទៅទៀត កូរ៉េខាងជើងក៏បានយល់ព្រម ផងដែរថានឹងបញ្ជូន ប្រតិភូកីឡាជាង៥៥០នាក់ ឱ្យមកចូលរួមក្នុងព្រឹតិ្តការណ៍កីឡាដ៏ធំនេះ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញជាច្រើន កូរ៉េខាងត្បូងចង់ប្រើឱកាសនៃព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងារនេះដើម្បីផ្សះផ្សា​ទំនាក់ទំនងក៏ដូចជាព្យាយាមសាកល្បង បញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រឡប់មករកតុចរចាស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងធ្លាប់បានបញ្ជាក់ជាច្រើនដងថាខ្លួននឹងមិនលើកយកសំណុំរឿង នុយក្លេអ៊ែរដាក់ចរចាជាដាច់ខាត ដ្បិតអាវុធនុយក្លេអ៊ែររបស់ខ្លួនទុកសម្រាប់ការពារ និងសន្តិភាពនៅក្នុងតំបន់តែប៉ុណ្ណោះ៕