(តូក្យូ)៖ ស្ថានីយទូរទស្សន៍ជប៉ុន NHK បានចេញមុខសូមទោស សម្រាប់ការធ្វើសេចក្ដីរាយការណ៍​ដោយភ័ន្តច្រឡំដែលថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយ គ្រាប់នៅល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

ការសូមទោសនេះ ត្រូវបានចេញផ្សាយជាភាសាជប៉ុន នៅលើគេហទំព័ររបស់ទូរទស្សន៍ NHK ហើយវាត្រូវចែករំលែកបន្ត​នៅលើបណ្ដាញទំនាក់ទំនងសង្គម។ ស្ថានីយទូរទស្សន៍ជប៉ុនមួយនេះ​បានលើកឡើងនៅលើគេហទំព័ររបស់ខ្លួនដូច្នេះថា៖ «នៅម៉ោងប្រមាណ៦៖៥៥នាទីល្ងាចនេះ យើងបានធ្វើសេចក្ដីរាយការណ៍មួយនៅលើ គេហទំព័រព័ត៌មានរបស់ NHK ថាកូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ ប៉ុន្តែនេះមិនមែនជាការពិតនោះទេ និងជាការយល់ច្រឡំតែប៉ុណ្ណោះ។ ដូច្នេះយើងពិតជា សូមទោសដោយស្មោះ»

គួរបញ្ជាក់ថា ឧប្បដិហេតុនេះកើតឡើងតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុគ្គលិកម្នាក់នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានចុចច្រឡំលើប៊ូតុងព្រមានការវាយប្រហារពីគ្រាប់មីស៊ីល ជាហេតុបង្កឱ្យមានការច្របូកច្របល់ទូទាំងរដ្ឋ មុននឹងអាជ្ញាធរអាមេរិកចេញមុខប្រកាសថាជាការយល់ច្រឡំ និងធ្វើការសូមទោសជាសាធារណៈ៕