(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេស​នៃចក្រភព​អង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថា ការគម្រាមកំហែង​ដែលបង្កឡើង​ដោយ​សកម្មភាព​បង្កហេតុ​ផ្នែកយោធា​នាពេលកន្លងមក​របស់កូរ៉េខាងជើង រួមនិងគោល​នយោបាយរបស់​មេដឹកនាំកំពូល លោក គីម ជុងអ៊ុន គឺជាបញ្ហាធំ​បំផុត​គិតតាំងតែពីការចាប់ផ្តើម នៃយុគសម័យនុយក្លេអ៊ែរ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅ​​រសៀល​ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

ថ្លែងក្នុងបទសម្ភាសន៍​មួយជាមួយសារព័ត៌មាន​អង់គ្លេស The Guardian លោក Johnson បានលើក​ឡើងយ៉ាងដូច្នេះថា «លោក គីម ជុងអ៊ុន ផ្ទាល់, ពាក្យសម្តីដែល​លោកបាន​និយាយស្តី (ព្រមានកម្ទេច​មិនត្រឹមអ្នកជិត​ខាងខ្លួន តែរួមទាំង​សហរដ្ឋអាមេរិក), ព្រមទាំង​​ការ​លេច​ឡើងនៃសមត្ថភាព​របស់លោក ក្នុងការបាញ់​គ្រាប់មីស៊ីលផ្លោង​ឆ្លងទ្វីប ដែលបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ គឺជាការគម្រាម​កំហែង​យ៉ាងខ្លាំងក្លាបំផុត ដែលពិភពលោក មិនដែលបាន​ស្គាល់នោះ​ឡើយ គិតតាំងពីការចាប់​ផ្តើមនៃយុគសម័យ​អាតូមិក»

គួរជម្រាបថា បើតាម​មន្រ្តីជាន់ខ្ពស់អង់គ្លេសរូបនេះ លទ្ធភាពពិតជា​អាចកើតមាន ដែលថា​រដ្ឋកុម្មុយនិស្ត​មួយនេះ នឹងប្រើប្រាស់​អា​វុធ​​នុយ​ក្លេ​អ៊ែរ ដើម្បីជម្រិត​ប្រទេស​ដទៃទៀត ឬថែមទាំងអាច​ប្រើប្រាស់​អាវុធប្រល័យលោក ប្រឆាំងនឹង​ពួកគេទៀត​ផង។ ជាមួយគ្នា​នេះ លោក Johnson បញ្ជាក់ថា ប្រទេសចិន​ដែលជាខ្នងបង្អែក​របស់ទីក្រុង​ព្យុងយ៉ាង ពិតជាមាន​លទ្ធភាពខ្ពស់ ក្នុងការចូល​រួមចំណែក​ស្វែងរកដំណោះស្រាយ​សម្រាប់វិបត្តិ​នៅជុំវិញ​ឧបទ្វីបកូរ៉េ យ៉ាងពិតប្រាកដ៕