(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការពិភាក្សា​តាមទូរស័ព្ទ ជាលើកដំបូងនៅដើមឆ្នាំថ្មីនេះ ពាក់ព័ន្ធនឹងបញ្ហា​វិវឌ្ឍន៍ថ្មីៗនៅឧបទ្វីបកូរ៉េ ហើយបន្ថែមពីនេះ​ប្រមុខដឹកនាំកំពូលទាំងពីរ​លើលោកនេះ ក៏បាន​ដោះដូរយោបល់ ជុំវិញកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងចិន-អាមេរិក​ផងដែរ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

នៅក្នុងកិច្ច​ពិភាក្សានោះ ប្រធានាធិបតីអាមេរិក​បានបង្ហាញឆន្ទៈខ្ពស់ ​នៅក្នុងការបន្ត​កិច្ច​សហ​ប្រតិបត្តិការជាមួយ​ប្រធានាធិបតចិន ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ ជាពិសេសទៅលើការ​ដោះស្រាយ​នានា​ជាមួយគ្នា ជុំវិញបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីទទួលបាន​នូវការ​អភិវឌ្ឍ​​បន្ថែមទៀត ព្រមទាំងនៅក្នុង​ក្របខណ្ឌ នៃទំនាក់ទំនង​ទ្វេភាគី​។

គួរបញ្ជាក់ថា លោក ស៊ី និងលោក ត្រាំ បានពិភាក្សាគ្នា​ច្រើន​អំពីបញ្ហានៅឧបទ្វីប​កូរ៉េផងដែរ ប៉ុន្តែចំណុចសំខាន់ទាំងឡាយ ពុំទាន់​ត្រូវបានបញ្ជាក់​​លម្អិតនោះឡើយ គ្រាន់តែភាគីទាំងពីរ​នៅព្រឹកថ្ងៃអង្គារនេះ បានប្តេជ្ញារួមគ្នា​បង្កើនការធ្វើទំ​នាក់ទំនង និងសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហារួមគ្នា៕