(ដាណឺម៉ាក)៖ យុវជនវ័យក្មេង​ៗក្នុងប្រទេសដាណឺម៉ាក​ច្រើនជាង ១,០០០នាក់ ត្រូវ​បានដាក់​​ពិន័យ​ដោយប៉ូលិស ក្រោមបទចោទប្រកាន់ថា បានចែករំលែក​វីដេអូអាសអាភាស ឬសិចនៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម។ នេះបើតាមសារព័ត៌មាន​ដាណឺម៉ាក ដកស្រង់ដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មានដាណឺម៉ាក Ritzau វីដេអូ និងរូបភាព​អាសអាភាស នៃក្មេងស្រីសិស្ស​សាលាបឋម និងក្មេងប្រុស​ជាច្រើននាក់ ត្រូវ​បានគេចែក រំលែកក្នុង​ចំណោមយុវជនវ័យ​ក្មេងៗជាច្រើន តាមរយៈកម្មវិធី Messenger របស់ Facebook កាលពី​ឆ្នាំ២០១៥។ មួយវិញទៀត បើទោះបីជាយុវជន​មួយចំនួន បានទទួលរងការ​ដាក់ពិន័យ ​សម្រាប់ការចែក​រំលែក​វីដេអូបែបនេះ កាលពី​ឆ្នាំ២០១៦ ក៏ដោយ ក៏ប៉ុន្តែគេមិន​អាចបញ្ឈប់ការ​ចែករំលែកវីដេអូនេះ​បន្តបានឡើយ ខណៈ​ក្រុមហ៊ុន Facebook​ បានរកឃើញ​វីដេអូស្រដៀងគ្នា​នេះ ជាច្រើនកាលពី​ឆ្នាំ២០១៧ ហើយវា​ត្រូវបានដាក់ជូន​ប៉ូលិសអឺរ៉ុប Europol​ ដោយអាជ្ញាធរ​អាមេរិក។

គួរបញ្ជាក់ថា បើតាមច្បាប់​ដាណឺម៉ាក គឺហាមឃាត់ជាដាច់ខាត ចំពោះការ​កាន់កាប់ និងចែករំលែក​រូបភាព ឬក៏វីដេអូ​អាសអាភាស ធ្វើឡើងអ្នកមាន​អាយុក្រោម ១៨ឆ្នាំ។ ដូច្នេះបើសិន​មានអ្នក​ណា​ល្មើសច្បាប់នេះ នោះអាចនឹងប្រឈមមុខជាប់ពន្ធនាគារ ២០ថ្ងៃ ព្រមទាំងត្រូវចុះ​ក្នុងបញ្ជីបទល្មើស​យ៉ាងតិចពីរឆ្នាំ។ ជាងនេះទៅទៀត ពួកគេក៏អាច​ត្រូវចុះក្នុង​បញ្ជី រំលោភបំពាន​លើកុមាររយៈពេល ១០ឆ្នាំផងដែរ ដែលនឹងហាមឃាត់​មិនឱ្យធ្វើការងារ​ពាក់ព័ន្ធនឹង​កុមារ៕