(ម៉ានីល)៖ មនុស្ស​ច្រើនជាង ១២,០០០នាក់ ដែលនៅក្នុង​តំបន់គ្រោះ​ថ្នាក់​ជុំវិញ​ភ្នំភ្លើង Mayon នៃប្រទេស​ហ្វីលីពីន ត្រូវបានអាជ្ញាធរ​​​ជម្លៀសខ្លួនចេញ​ជាបន្ទាន់ ដោយសារតែ​ភ្នំភ្លើងនេះ បាន​ឲ្យសញ្ញា​មិនស្រួល ដោយបន្តជះកម្អែលផះ​ទៅលើផ្ទៃអាកាស​​រៀបនឹងផ្ទុះ​ ចាប់​តាំង​តែ​​ពី​​ថ្ងៃ​សៅរ៍​​មក​ម្ល៉េះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

លោកស្រី រ៉ូមីណា ម៉ារ៉ាស៊ីហ្គាន់ (Romina Marasigan) អ្នកនាំពាក្យ​នៃក្រុម​ប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រង​ហានិភ័យ នៃគ្រោះមហន្តរាយជាតិ​ហ្វីលីពីន ហៅ​កាត់​ថា NDRRMC បានថ្លែងក្នុង​សន្និសីទសារព័ត៌មាន​មួយថា រដ្ឋាភិបាល​ហ្វីលីពីន បាន​ជម្លៀស​​​​ប្រជាជន​ចំនួន ៣,០៦១គ្រួសារ​ ឬ​ស្មើ​​នឹង ​១២,០៤៤នាក់ហើយ ដោយសារតែការ​គម្រាមកំហែង​កាន់តែខ្លាំងក្លា នៃភ្នំភ្លើង Mayon ដែលទំនង​ជាអាចផ្ទុះឡើង​គ្រប់​ពេល។

គួរជម្រាបថា ភ្នំភ្លើង Mayon ស្ថិតនៅប៉ែងខាងត្បូង​នៃកោះ Luzon របស់ហ្វីលីពីន។ ភ្នំភ្លើងនេះ គឺជាទីតាំងទេសចរណ៍​ដ៏មាន​ប្រជា​ប្រិយភាព​មួយ នៅក្នុងតំបន់ ប៉ុន្តែមានប្រវត្តិសាស្រ្ត​ដ៏ខ្មៅងងឹត​​ជាច្រើន ដោយគិតមកទល់​ពេលនេះ Mayon បានផ្ទុះឡើងចំនួន​ ៥១​ដង ក្នុងរយៈពេល ៤០០ឆ្នាំ ចុងក្រោយនេះ។ នៅក្នុង​ហេតុការណ៍ផ្ទុះកាលពី​ឆ្នាំ១៨១៤ វាបានផ្តាច់ជីវិត​មនុស្សជាង ១,២០០នាក់ ​ហើយក្រុងចំនួន ០៣ ត្រូវបានលេប​ត្របាក់ដោយ​កម្អែល​ភ្នំភ្លើង៕ ​