(កាប៊ុល)៖ ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន​បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ៣២នាក់ ត្រូវបាន​សម្លាប់នៅក្នុងការ​វាយប្រហារ​តាមផ្លូវអាកាស ពីរលើកដាច់ពី​គ្នា​កាលពីថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ​ ទី១៥ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​ ចេញផ្សាយនៅ​ថ្ងៃចន្ទនេះ ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន បានបញ្ជាក់ថា ការវាយប្រហារតាម​ផ្លូវអាកាសលើក​ទី ១ ដឹកនាំដោយកង កម្លាំងទ័ពអាកាសជាតិ​លើមូលដ្ឋានរបស់​ក្រុមតាលីបង់ ក្នុងស្រុក Khaki Safed នៃភាគ​ខាងលិចខេត្ត Farah បានផ្ដាច់យក​អាយុជីវិត ក្រុមសកម្មយុទ្ធតាលីបង់ ២៨នាក់ និង ១០នាក់ផ្សេងទៀតរងរបួស។

ជាងនេះទៅទៀត នៅក្នុងចំណោម​អ្នកស្លាប់ ក៏មានមេដឹកនាំជាន់ខ្ពស់តាលីបង់​ឈ្មោះ Sardar Ashkon Bakwahi និង​មេបញ្ជាការពីរ រូបទៀតគឺ Abdul Shokor និង Hawaz Gulistani ផងដែរ។ ចំណែកឯ​ការវាយប្រហារលើកទី ២ កាលពី​ថ្ងៃអាទិត្យដូចគ្នា បានសម្លាប់ក្រុម​សកម្មប្រយុទ្ធ​មួយនេះ ០៤នាក់ នៅក្នុង​ស្រុក Nahri Saraj នៃភាគខាង​ត្បូងខេត្ត Helmand។

តែទោះជាយ៉ាង​ណាក៏ដោយ ក្រុមសកម្មប្រយុទ្ធតាលីបង់​ដែលបានដឹកនាំ​ការវាយប្រហារនានា ប្រឆាំងនឹងរដ្ឋាភិបាល​ទីក្រុងកាប៊ុល អស់រយៈពេលជាង ១៦ឆ្នាំមកនេះ មិនបានធ្វើ​ការអត្ថាធិប្បាយ​អ្វីឡើយ ជុំវិញការអះអាងរបស់​ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន៕