(អង់ការ៉ា)៖ ខណៈ​សហរដ្ឋអាមេរិក បានប្រកាសបង្វឹក​ក្រុមប្រដាប់​អាវុធឃើដ ឲ្យធ្វើជាកងការពារ​ព្រំដែននៅស៊ីរី តួកគីកំពុងរសាប់​​រសល់នៅមិនសុខ​ជាខ្លាំង ព្រោះកងកម្លាំង PKK ទាំងនោះ ត្រូវបានតួកគីចាត់ទុក​ជាក្រុមភេរវករ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ​២០១៨។

ក្រសួងការ​បរទេសតួកគី​បានលើក​ឡើងថា ការដែល​សហរដ្ឋអាមេរិកបានសម្រេច​បង្កើតកម្លាំងត្រួតត្រា​ព្រំដែន នៅភាគខាងជើង​​ប្រទេសស៊ីរី គឺជាការសម្រេចចិត្ត​បែបឯកតោភាគី​សុទ្ធសាធ។ បើតាម​សេចក្តីថ្លែងការណ៍​របស់ក្រសួងខាងលើ កិច្ចផ្តួចផ្តើម​​បែប​នេះ​​របស់​អាមេរិក នឹងបង្កការ​គម្រាមកំហែងជា​ខ្លាំងដល់ស​ន្តិសុខជាតិ​តួកគី​ ដែលជាអ្នកជិត​ខាងភាគខាងជើងរបស់​ប្រទេស​ស៊ីរី ព្រម​ទាំង​បូរណ​ភាព​​ទឹកដី​​របស់​​​ស៊ីរី​​ផ្ទាល់។

គួរជម្រាបថា នៅក្នុងកែវភ្នែក​របស់​ទីក្រុងអង់ការ៉ា កងកម្លាំងប្រដាប់​អាវុធឃើដ YPG គឺជាមែកធាងរបស់​គណបក្សពលករ​ឃើដ PKK​​ ដែលតួកគីចាត់ទុកថា ជាក្រុមខុសច្បាប់ ឬភេរវករ។ យ៉ាងណាមិញ ក្រៅពីថ្កោលទោស​ការសម្រេចចិត្តរបស់​អាមេរិក តួកគី​បានបង្ហាញ​ការតាំង​ចិត្តថា ខ្លួននឹងកម្ចាត់រាល់​ការគម្រាមកំហែង​គ្រប់បែបយ៉ាង មកលើប្រទេស​ជាតិ។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ មេបញ្ជាការទ័ព​អាមេរិក លោក Joseph Votel បានប្រកាសថា ទីក្រុង​វ៉ាស៊ីនតោន នឹងបង្កើត​កង​កម្លាំង​ព្រំដែន​នៅស៊ីរី ដែលរូបលោក​បានអះអាង​ថា នឹងជួយទប់ស្កាត់​ដការកើតឡើងវិញ​នៃក្រុម ISIS។ បើតាមបណ្តាញ​ព័ត៌​មានតួកគី ក្រុមប្រដាប់អាវុធ​ឃើដប្រមាណ ៤០០នាក់ ដែលត្រូវបានបំពាក់​បំប៉នដោយ​អាមេរិក ដើម្បីធ្វើជាកង​ការពារព្រំដែន​នោះ​ ​គ្រោងនឹងបង្កើតនូវ​កងកម្លាំងមួយ ដែលពួកគេ​ហៅថា «យោធាភាគ​ខាងជើង» នៅក្នុងប្រទេស​ស៊ីរី។

គួរបញ្ជាក់ផងដែរថា តាំងពី​ដើមមក តួកគីនិងអាមេរិក តែងតែមានការ​ខ្វែងគំនិតគ្នា ជុំវិញការគាំទ្ររបស់​ទីក្រុងវ៉ាស៊ីនតោន ចំពោះ​ក្រុមប្រដាប់​អាវុធឃើដ​នៅស៊ីរី៕