(អាមេរិក)៖ ខណៈជាច្រើន​ឆ្នាំកន្លងទៅនេះ គេកម្រឃើញ​មានបេសកកម្ម​បញ្ជូនមនុស្ស ទៅកាន់ទីអវកាស​នោះ ក្រុមហ៊ុន​អវ​កាស SpaceX និងក្រុមហ៊ុន​ផលិតយន្តហោះ​អាមេរិក Boeing ត្រូវគេ​រំពឹងថា នឹងសាកល្បង​ចេញបេសសកកម្មបញ្ជូនមនុស្ស​របស់​​​​ខ្លួន​ ទៅកាន់​ទីអវកាស​ នាអំឡុងចុង​ឆ្នាំ២០១៨នេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ ពីវែបសាយ Fortune.com នៅព្រឹក​ថ្ងៃចន្ទ ទី១៥ ខែ​មករា ឆ្នាំ២០១៨។

ខណៈយាន​អវកាស Dragon របស់​ក្រុមហ៊ុន SpaceX នាពេលកន្លង​ទៅនេះ ត្រូវគេប្រើប្រាស់​ភាគច្រើន សម្រាប់ការដឹកជញ្ជូន​​ទំនិញទៅកាន់ស្ថានីយ៍​អវកាសអន្តរជាតិ (ISS) វាក៏ត្រូវបាន​រចនាឡើង ឲ្យមានសមត្ថភាពដឹក​ជញ្ជូនមនុស្ស​ផងដែរ ហើយ​កាល​ពី​​សប្តាហ៍មុន ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានរំពឹងថា ក្រុមហ៊ុនអវកាស​ឯកជននេះ នឹងធ្វើតេស្តហោះហើរ​​សាកល្បង ​ដែល​មាន​​ផ្ទុកមនុស្ស​នៅចុងឆ្នាំនេះ។

គួរជម្រាបថា ការធ្វើ Test Flight ដែលមានផ្ទុក​ក្រុមអវកាសយានិក របស់ក្រុម​ហ៊ុន SpaceX ត្រូវបានគេគ្រោង​នឹងប្រព្រឹត្តទៅ​នា​ខែ​ធ្នូ ក្រោយពីការធ្វើតេស្ត​ហោះហើរដោយ​ពុំមាន​មនុស្ស នៅ​ខែសីហា ឆ្នាំ២០១៨។ ម៉្យាងវិញទៀត ក្រុមហ៊ុនផលិតយន្ត​ហោះ ដ៏​ល្បី​លើ​ពិភព​លោក Boeing ក៏នឹងធ្វើការបង្ហាញ​សមត្ថភាពនៃ​យានអវកាស CST-100 Starliner របស់ខ្លួន តាមរយៈការ​ហោះហើរ​ Test Flight ផ្ទុកមនុស្ស នៅខែវិច្ឆិកា​ផងដែរ បន្ទាប់ពីការធ្វើ​តេស្តដោយពុំមាន​ផ្ទុកមនុស្ស នៅ​ខែសីហា ដូច SpaceX ដែរ។

សម្រាប់ក្រុមហ៊ុន SpaceX នេះដែរ កាលពីពាក់​កណ្តាលឆ្នាំ២០១៧ ធ្លាប់បាន​ប្រកាសពី​គំរោងធំមួយថា ខ្លួននឹងនាំមនុស្ស​ទៅកាន់ភពអង្គារ ឲ្យបាននៅអំឡុង​ទសវត្សរ៍ឆ្នាំ២០២០ ដោយដើរ​មុនអង្គការ NASA ទៅទៀត។ អង្គការ NASA ដែលមាន​ភាពស្ទាក់ស្ទើរ​នៅឡើយ​ក្នុងគំរោងនាំមនុស្ស​ទៅភពអង្គារឲ្យបានទាន់ពេលកំណត់នោះ នៅតែប្តេជ្ញានឹង​សម្រេចគំរោង​ធំបំផុតរបស់ខ្លួន ឲ្យបាន​នៅអំឡុង​ឆ្នាំ២០៣០ ដែលស្ថិតនៅក្រោយ​ការប្តេជ្ញារបស់ SpaceX ទៅទៀត៕