(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់​បានទាត់ចោល​ សេចក្តីអំពាវនាវ​របស់​សហរដ្ឋអាមេរិក នាពេល​ថ្មីៗនេះ ដែលស្នើឲ្យមាន​ការ​អនុញ្ញាត​​ដល់ការធ្វើអធិការកិច្ច​ ពីសំណាក់​បរទេស មកលើមូលដ្ឋាន​ ក៏ដូចជាទីតាំងយោធា​របស់អ៊ីរ៉ង់ ក្រោមលេស​នៃកិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​ឆ្នាំ២០១៥។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ​២០១៨។

លោក ប៊ែរួស កាម៉ាល់វ៉ានឌី (Behrouz Kamalvandi) អ្នកនាំពាក្យ​អង្គការថាមពល​អាតូមិក​នៃប្រទេសអ៊ីរ៉ង់ (AEOI) បានលើក​ឡើងថា បញ្ហានៃការ​បើក​សិទ្ធិ ឲ្យបរទេស​ចូលមកក្នុងទីតាំង​យោធាអ៊ីរ៉ង់ គឺមិនស្ថិតក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ (JCPOA) ឡើយ ទោះបីជា​កាល​​ពីមុន​ធ្លាប់មានករណី​ចុះអធិការកិច្ច​មួយចំនួន មកលើមូលដ្ឋានទ័ព​របស់អ៊ីរ៉ង់ ដូចជា​បន្ទាយ Parchin ជាដើម​​ក៏ដោយ ដែលធ្លាប់ត្រូវ​បានត្រួតពិនិត្យម្តង​ដោយ​ទីភ្នាក់ងារឃ្លាំមើល ថាមពល​អាតូមិកអន្តរជាតិ (IAEA)។

លោក Kamalvandi បានបន្ថែមថា តែបច្ចុប្បន្ន IAEA ពុំបានស្នើឲ្យមានការចុះអង្កេតមក​ទីតាំង​យោធាអ៊ីរ៉ង់ដទៃទៀតឡើយ ហើយ​អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា សាធារណរដ្ឋអ៊ីស្លាមមួយនេះ នឹងមិនអនុញ្ញាតឲ្យ​ភាគីបរទេសណាមួយ​ចេញ-ចូល​ទីតាំង​យោ​ធា​​របស់​ខ្លួនទៀតឡើយ រួមទាំង IAEA។

ការបញ្ជាក់របស់ លោក Kamalvandi ធ្វើឡើង​បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បន្ត​សម្រេច​​មិន​អនុវត្ត​នូវ​ទណ្ឌកម្មមួយ​ចំនួន ទាក់ទងនឹង​នុយក្លេអ៊ែរ​ទៅលើ​ប្រទេសអ៊ីរ៉ង់ កាលពីចុង​សប្តាហ៍មុន ដោយបានដាក់​លក្ខខណ្ឌ​ខ្លះ​ៗ​​ សម្រាប់​ការ​ធ្វើ​​ដូច្នេះ​ទៀត​នា​ពេល​ក្រោយ។ ប៉ុន្តែភ្លាមៗ​ក្រសួងការ​បរទេសអ៊ីរ៉ង់​បានប្រកាសថា ទីក្រុង​តេហេរ៉ង់​នឹងគ្មានថ្ងៃ​ចរចា កិច្ច​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ​​ជា​មួយ​មហា​អំណាច ៥ បូក ១ ឡើងវិញឡើយ ទោះបីជាអាមេរិក​ដាក់សម្ពាធ​យ៉ាងណាក្តី។

គួរជម្រាបថា នៅក្រោមកិច្ច​ព្រមព្រៀង​ខាងលើ ដែលត្រូវបានចុះ​ហត្ថលេខា​ដោយអ៊ីរ៉ង់ និងមហាអំណាច ៥ បូក ១ រួមមានចិន រុស្ស៊ី ចក្រភព​​អង់គ្លេស បារាំង សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ប្រធានាធិបតី​អាមេរិក​ត្រូវតែចុះហត្ថលេខា​ផ្អាកការ​អនុវត្តទណ្ឌកម្ម​របស់ទីក្រុង​វ៉ាស៊ីនតោន ទៅលើប្រទេស​អ៊ីរ៉ង់ជារៀងរាល់ ១២០ថ្ងៃម្តង។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ២០១៥ គឺសមិទ្ធផលដ៏ធំ របស់អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា៕ ​