​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា លោកមិនមែនជាអ្នកប្រកាន់​ពូសាសន៍​នោះទេ ហើយការលើក​ឡើងបែបនេះ គឺជាការ​ឆ្លើយតប ទៅនឹង​សេចក្ដីរាយការណ៍​ដ៏ចម្រូងចម្រាស​ដែលថា រូបលោក​បានហៅជន​អន្តោប្រវេសន៍​មកពីប្រទេស​ហៃទី និងបណ្ដាប្រទេស​អាហ្វ្រិក​ដទៃទៀត​ថា មកពីប្រទេសសំរាម គគ្រិចៗ និងគួរឲ្យខ្ពើម។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

ភាពចម្រូង​ចម្រាស​បានផ្ទុះឡើង​ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា នៅក្នុងជំនួប​ជាមួយក្រុមសមាជិក​ព្រឹទ្ធសភា​អាមេរិក ស្ដីពីជន​អន្តោប្រវេសន៍​នាពេល​ថ្មីៗ​នេះ លោក ដូណាល់ ត្រាំ បានសួរថា តើហេតុអ្វីបាន​ជា​សហរដ្ឋអាមេរិក ត្រូវទទួល​យកជនអន្តោប្រវេសន៍​មកពីប្រទេស​ហៃទី និងបណ្ដា​ប្រទេស «សំរាម» ជាច្រើនទៀត នៅអាហ្វ្រិក។ យ៉ាងណា​ក៏ដោយ ថ្លែងនៅចំពោះមុខ​អ្នក​សារព័ត៌មាននានា​ក្នុងរដ្ឋផ្លូរីដា​ កាលពី​ថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានបដិសេធ​ថា លោកមិនមែន​ជាអ្នក​ប្រកាន់ ពូជសាសន៍​នោះទេ។

«ខ្ញុំមិនមែនជាអ្នក​ប្រកាន់ពូជសាសន៍​ឡើយ។ ខ្ញុំគឺជា​មនុស្សមិនប្រកាន់​ពូជសាសន៍ ដែលអ្នករាល់គ្នាមិន​ដែលបាន​សម្ភាសន៍»។ នេះជាការ​លើកឡើង​របស់ លោក ដូណាល់ ត្រាំ ជាការឆ្លើយតបនឹងការចេញផ្សាយ​ព័ត៌មាន​វាយប្រហាររូបលោកពាសពេញពិភពលោក ជុំវិញការមើលងាយជាតិសាសន៍ដទៃ ក្នុងនាម​ជាមេដឹកនាំ​មហាអំណាចលេខ ១ របស់សកល​លោកនេះ។

គួរបញ្ជាក់ថា បើតាម​លោក ដូណាល់​ ត្រាំ រដ្ឋបាលរបស់​លោកបាន​ត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរក​កិច្ចព្រមព្រៀង​មួយ ដើម្បីការពារ​ជនអន្តោប្រវេសន៍​ខុសច្បាប់ រួម មានទាំង​កុមារដែល​ត្រូវបាននាំមក​កាន់​សហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែលោក​មិនជឿជាក់​ឡើយថា អ្នកប្រជាធិបតេយ្យ​នឹងយល់ព្រមលើកិច្ច​ព្រមព្រៀង​នេះ៕