(ព្យុងយ៉ាង)៖ ខណៈទើបតែទទួល​បានសញ្ញាវិជ្ជមាន​បន្តិចបន្តួច តាមរយៈកិច្ចពិភាក្សា​ជាន់ខ្ពស់រវាងគ្នានិងគ្នា ទីបំផុតកូរ៉េខាងជើង​បានចេញមុខ​ព្រលះប្រធានាធិបតី​កូរ៉េខាងត្បូង ដែលបាន​និយាយលើក​តម្កើងតួនាទី​របស់​សហរដ្ឋអាមេរិក ក្នុងការដាក់​សម្ពាធ​​ជំរុញឲ្យទីក្រុង​ព្យុងយ៉ាង ព្រមចូលតុពិភាក្សា​អន្តរកូរ៉េកាលពី​សប្តាហ៍មុនទៅវិញ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​ ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បានលើកឡើង​ក្នុងបទអត្ថាធិប្បាយមួយថា «ការធ្វើសុន្ទរកថា​ដ៏មិនសមរម្យ​មួយ ដែល​បាន​បង្ក​ភាព​ភ័យ​ព្រួយបារម្ភ​នៅក្នុងបរិយាកាស សម្រាប់ការ​ផ្សះផ្សាគ្នា ត្រូវបានលឺសូរឡើងពី​ប្រទេស​កូរ៉េខាងត្បូង ក្នុង​អំឡុង​​ការ​ធ្វើ​សន្និ​សីទ​​​សារព័ត៌មាន​សម្រាប់ឆ្នាំថ្មីរបស់​ប្រធានាធិបតី មូន ជែអ៊ីន កាលពី​សប្តាហ៍​កន្លងទៅ»

KNCA បានប្រើពាក្យធ្ងន់ៗ​សំដៅទៅកាន់​លោកប្រធានា​ធិបតីកូរ៉េខាងត្បូងថា «ទង្វើបែបនេះ គឺជាការស្រវ៉ា​ផ្គាប់ចិត្តម្ចាស់របស់ខ្លួន ដែល​មាន​ភាពមិន​សប្បាយចិត្ត»។ ម៉្យាង​វិញទៀត​ បណ្តាញ​​សារព័ត៌មាន ដែលប្រៀបដូចជា​ព្រាបនាំសាររបស់ រដ្ឋា​ភិ​បាល​​ទីក្រុង​ព្យុង​យ៉ាងមួយនេះ ក៏បានដាក់ជាមន្ទិល​សង្ស័យផងដែរ ទៅលើឥរិយាបថ​របស់លោក មូន ថាតើ​រូបលោក​មានចេតនាពិត ចង់​បង្កើន​ទំនាក់​ទំនង​​​​ក៏ដូចជាកសាង​ទំនុកចិត្ត រវាងបងប្អូនខាងជើង និងខាងត្បូង​ដែរ​ឬយ៉ាងណា។

ទីភ្នាក់ងារព័ត៌មាន KCNA បានរិះគន់លោក មូន ដោយសារតែការថ្លែងអំណរគុណរបស់លោក ចំពោះ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថា​បានដើរតួនាទី​យ៉ាងសំខាន់ ក្នុងការដឹកដៃ​ទីក្រុងព្យុងយ៉ាង​ចូលទៅតុពិភាក្សា​អន្តរកូរ៉េ តាមរយៈការដាក់​សម្ពាធ​​ជា​អតិ​បរ​មា ព្រមទាំងទណ្ឌកម្ម​ផ្សេងៗ និងដោយសារ​ការអំពាវនាវ​របស់ លោក មូន ផ្ទាល់ ក្នុងការលើក​ឡើងថា ការ​ដក​អាវុធ​​នុយ​ក្លេ​អ៊ែរ​ពី​​កូរ៉េ​ខាង​ជើង គឺ​ជា​គោលដៅចុងក្រោយ​នៃកិច្ចពិភាក្សារវាង​ប្រទេសទាំងពីរ។

គួរជម្រាបថា កិច្ចពិភាក្សាជាន់​ខ្ពស់អន្តរកូរ៉េ​កាលពីសប្តាហ៍មុន ទទួលបានលទ្ធផល​មួយចំនួន រួមមាន ការព្រមព្រៀងលើ​​កិច្ចសហ​ប្រតិបត្តិការ​ក្នុងព្រឹត្តិការណ៍​កីឡាអូឡាំពិករដូវរងារ Pyeongchang ឆ្នាំ២០១៨ និងការឯកភាព​នៃភាគីទាំងពីរ ក្នុងការចាត់​វិធាន​ការ​បន្ត ដើម្បីបន្ធូរបន្ថយភាពតាន​តឹងនៅ​ឧបទ្វីបកូរ៉េ។

ដោយឡែក នាថ្ងៃចន្ទនេះ​កូរ៉េខាងជើង និងកូរ៉េខាងត្បូង ក៏ត្រូវជួបគ្នាជាថ្មីម្តង​ទៀតផងដែរ នៅព្រំដែន​អន្តរកូរ៉េ ក្នុងកម្រិតការងារ​ ដើម្បីជជែកអំពីការ​បញ្ជូនក្រុមតន្រ្តី​កូរ៉េខាងជើង មកកាន់​ព្រឹត្តិការណ៍ Pyeongchang Winter Olympics ដែលនឹងប្រព្រឹត្ត​ទៅលើ​ទឹក​ដី​កូរ៉េខាងត្បូង ចាប់ពី​ខែកុម្ភៈដល់ ខែមីនា ឆ្នាំ២០១៨នេះ៕