(ប៉េកាំង)៖ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តការងារស្វែងរក និងជួយសង្រ្គោះរបស់ពួកគេនៅឡើយ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាមានសង្ឃឹមតិចតួចណាស់ ឬគ្មានទាល់តែសោះថា មានអ្នកនៅរស់រាន្តមានជីវិតពីគ្រោះថ្នាក់នាវាពីរគ្រឿងបុកគ្នានៅសមុទ្រចិនខាងកើត កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដយសារព័ត៌មានចេញ CGTN នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមក្រុមអ្នកជួយសង្រ្គោះ ប្រអប់ខ្មៅមួយត្រូវបានគេរកឃើញ បន្ទាប់ពីនាវាដឹកប្រេងជាង១៣៦,០០០តោន របស់អ៊ីរ៉ង់ឈ្មោះ Sanchi បានបុកគ្នា ពេញទំហឹងជាមួយនាវាដឹកទំនិញហុងកុងមួយគ្រឿងទៀតឈ្មោះ CF Crystal កាលពីថ្ងៃទី០៦ ខែមករា។ ដោយឡែក កាលពីថ្ងៃសៅរ៍ សាកសពមនុស្ស០៣នាក់ ក្នុង ចំណោមអ្នកបាត់ខ្លួនទាំង២៣នាក់ ក៏ត្រូវបានគេរកឃើញផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកបាត់ខ្លួនជាសមាជិកនាវិកនៅលើនាវា Sanchi ទាំង៣២នាក់ មានជនជាតិអ៊ីរ៉ង់៣០នាក់ និង០២នាក់ជាជនជាតិបង់ក្លាដែស។ ចំណែកឯ សាកសពមនុស្សទាំង០៣នាក់ខាងលើវិញ មានមា្នក់ត្រូវគេរកឃើញកាលពីថ្ងៃទី០៨ ខែមករា ខណៈពីរនាក់ទៀតត្រូវគេស្រង់ចេញពីទឹកកាលពីថ្ងៃទី១៣ ម្សិលមិញ។