(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធ​ប្រមាណ ២៦នាក់ បានស្លាប់បាត់​បង់ជីវិត និង ១៦នាក់ទៀតរង​របួសនៅក្នុង​ប្រតិបត្តិការយ៉ាងក្តៅគគុក ធ្វើឡើងដោយ​យោធា​អាហ្វហ្គានីស្ថាន នៅទូទាំង​ប្រទេស​តែម្តងក្នុង​រយៈពេល ២៤ម៉ោង ចុង​ក្រោយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។

ក្រសួងការពារជាតិ​​អាហ្វហ្គានីស្ថាន បានបញ្ជាក់នៅ​ថ្ងៃសៅរ៍នេះ​ទៀតថា «កងកម្លាំងចំរុះ​នៃប្រទេស​​អាហ្វហ្គានីស្ថាន បានបើកការវាយ​ប្រហារ​ទូទាំងប្រទេស និងសម្លាប់ពួក​​សកម្មប្រយុទ្ធ ២៦នាក់, បង្ករបួស ១៦នាក់ និងចាប់ខ្លួនពួកគេ ០៣នាក់ ថែមទៀត។ ក្នុងចំណោមអ្នក​ស្លាប់ទាំងអស់ គឺមាន ១៣នាក់ ជាសមាជិក ISIS»។ បន្ថែមពី​នេះ​ទៀត អាវុធយុទ្ធភណ្ឌ និងគ្រាប់បែកជាច្រើនប្រភេទ ក៏ត្រូវបានកងកម្លាំងអាហ្វហ្គានីស្ថានរឹបអូស​​ផងដែរ។

គួរបញ្ជាក់ថា ជារឿយៗកងកម្លាំង​ការពារសន្តិសុខ​អាហ្វហ្គានីស្ថាន តែងតែ​សហការ​ជាមួយកង​កម្លាំង​អង្គការ NATO និង​សហរដ្ឋអាមេរិក នៅក្នុងការ​ចេញប្រតិបត្តិការ​បោសសម្អាត ក្រុមសកម្មប្រយុទ្ធ​ជនជាតិភាគតិច ជាពិសេស​ក្រុមភេរវករ ISIS ដែលបាន​ប្រកាសរួចជាស្រេច​ហើយកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ ថា​ពួកគេបានកំពុងសំឡឹង​រកមើលទីតាំង​ណាមួយ​នៅក្នុងទឹកដី​អាហ្វហ្គានីស្ថាន ដើម្បីធ្វើជាមូលដ្ឋានរឹងមាំថ្មី ខណៈដែលទីតាំង​ឈរជើងនៅអ៊ីរ៉ាក់​ត្រូវបាន​កម្ទេចខ្ចាត់ខ្ចាយ និងនៅស៊ីរី​កំពុងចុះថមថយ​ខ្លាំង៕