(ឡាហាវ៉ាន់)៖ រដ្ឋាភិបាល​គុយបា​បានថ្កោលទោស​ជាខ្លាំង ចំពោះពាក្យសម្តី​ប្រមាថមើលងាយពូជសាសន៍ របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅលើប្រទេស​ហៃទី និងអែលសាលវែឌ័រ ដែលស្ថិតនៅ​តំបន់​​អាមេរិក​កណ្តាល រួមទាំង​បណ្តាប្រទេសអាហ្វ្រិក​​ដទៃ​ទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ​រសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។

បើតាមសេចក្តី​ថ្លែងការណ៍ផ្លូវការ​របស់ក្រសួង​ខាងលើ គុយបាបានបង្ហាញ​ការយល់ស្រប ចំពោះការថ្កោលទោស​ជាទម្ងន់ ទៅលើ​ពាក្យសម្តី​រើសអើងរបស់លោក​ប្រធានាធិបតីអាមេរិក និងបានសម្តែង​នូវសាមគ្គីភាព​ដោយស្មោះអស់​ពីបេះដូង ចំពោះប្រទេស​​ទាំង​ឡាយ ដែលបានទទួល​រងការប្រមាថ​មើលងើយ ពីសំណាក់មេដឹកនាំ​នៃប្រទេសមហា​អំណាចលេខ ១ នៅពិភពលោក​មួយនេះ។

គួរជម្រាបថា បើតាម​សារព័ត៌មាន Washington Post ក្នុងអំឡុងកិច្ច​ប្រជុំមួយក្នុងការិយាល័យ​ប្រធានាធិបតី (Oval Office) នៅ​​ឯ​សេតវិមាន នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ជាមួយក្រុម​សមាជិកព្រឹទ្ធសភា ដើម្បីពិភាក្សា​អំពីស្ថានភាព នៃជន​អន្តោ​ប្រ​វេសន៍ខ្លះ​នៅក្នុងប្រទេស លោក ដូណាល់ ត្រាំ បានមើលងាយទៅលើប្រទេសហៃទី អែលសាលវែឌ័រ និងបណ្តាប្រទេសអាហ្រ្វិក​ដទៃទៀត​ថា ជាកន្លែងគគ្រិច និងគួរឲ្យខ្ពើម៕