(រ៉ង់ហ្គូន)៖ ប្រព័ន្ធផ្សព្វផ្សាយ​មីយ៉ាន់ម៉ាបានចេញផ្សាយថា លោកស្រី អោងសាន ស៊ូជី បាន​សម្តែងការស្វាគមន៍ ចំពោះទង្វើសម្លាប់រង្គាលដោយកងទ័ពមីយ៉ាន់ម៉ា ទៅលើក្រុមជនជាតិ​រ៉ូហ៊ីងយ៉ាដែល​ខ្លួន​ចោទ​ប្រកាន់ថា ជា​ភេរវករបង្កអសន្តិសុខ​នៅរដ្ឋរ៉ាឃីននោះ ក្រោយយោធា​មីយ៉ាន់ម៉ាប្រកាសថា ប្រតិបត្តិការរបស់យោធាកន្លងមក «គឺជាភាពវិជ្ជមាន»។ នេះ​ជាលើកទីមួយ​ហើយ​សម្រាប់​លោកស្រី ក្នុងឆ្លើយគាំទ្រ​ពេញទំហឹងចំពោះ​ស្ថាប័ន​យោធា ទោះបីកំពុងរងសម្ពាធឥតគណនា​ពី​អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពី AFP នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។

ការថ្លែងគាំទ្រ​ចំពោះ​ការអះអាង​ពីយោធាមីយ៉ាន់ម៉ាខាងលើនេះ បានធ្វើឡើងក្រោយពី​យោធា​មីយ៉ាន់ម៉ា បានសារភាពកាលពីថ្ងៃពុធកន្លងទៅនេះថា ខ្លួនបានស៊ើបរកឃើញកងកម្លាំងយោធា​ចំនួន ០៤នាក់ ដែលបានសម្លាប់​ ក្រុមសកម្មប្រយុទ្ធ​សង្ស័យជាជនជាតិ​រ៉ូហ៊ីងយ៉ា ចំនួន ១០នាក់ ដែលគេមើលថា កំពុងបង្កអសន្តិសុខ​នៅ​ក្នុងភូមិ Inn Din កាលពី​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំមុន ហើយបានកប់សាកសព​ពួកគេទាំងនោះ នៅក្នុងរណ្តៅ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា​ហាក់មិនសូវមាន​ការឆ្លើយតប ចំពោះការអំពាវនាវ​ពីអន្តរជាតិ​នោះឡើយ ដោយសារតែ​ខ្លួនតែងតែចាត់ទុក ក្រុមជនជាតិភាគ​តិចរ៉ូហ៊ីងយ៉ាមួយចំនួនថា «ជាក្រុមភេរវករ» ដែលបង្កអសន្តិសុខ​ខ្លាំងនៅភាគ​ខាងលិច​មីយ៉ាន់ម៉ានោះ។ ទោះបី​ជាបែបនេះ​ក្តី ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រមាណ ៦៥០,០០០នាក់ គឺកំពុងរស់នៅភៀសខ្លួន​ក្នុងប្រទេសបង់ក្លាដែស ហើយរដ្ឋាភិបាល​ស៊ីវិលរបស់ លោកស្រី អោងសាន ស៊ូជី ក្លាយជាមុខព្រួញនៃការដាក់សម្ពាធ​ពីអន្តរជាតិ ដើម្បីឲ្យមីយ៉ាន់ម៉ាទទួលជនភៀសខ្លួនទាំងនោះ ត្រឡប់មកកាន់ទឹកដី​ដើមវិញ៕