(ប៉េកាំង)៖ បន្ទាប់ពី​នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ទើបតែបាន​បញ្ចប់ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ទៅកាន់​ប្រទេស​​កម្ពុជា ក្រសួង​ការបរទេស​ចិន ក៏បានធ្វើការ​​រៀបរាប់ពី​សារៈសំខាន់​នៃដំណើរទស្សនៈកិច្ច​​ដ៏សំខាន់នេះ នាឱកាស​គម្រប់ខួប ៦០ឆ្នាំ នៃ​ការ​បង្កើត​ចំណង​​ការទូតរវាងចិន និងកម្ពុជា។ នេះបើតាម​ការដកស្រង់​ខ្លឹមសារ​ ចេញពី​ការធ្វើសន្និសីទព័ត៌មាន​ប្រចាំ​ថ្ងៃ ​របស់​ក្រសួង​ការបរទេស​ចិន និងចេញផ្សាយដោយ​វែបសាយ​ក្រសួងការបរទេសចិន នៅព្រឹកថ្ងៃសៅរ៍ ទី១៣​ ខែមករា ឆ្នាំ២០១៨។ (បកប្រែក្រៅផ្លូវការ)

អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក លូ កាង បានលើកឡើងថា ដំណើរទស្សនកិច្ច​របស់លោក លី ខឺឈាង ទៅកាន់​​កម្ពុជា​ ដែលបានប្រព្រឹត្ត​ទៅនាដើមឆ្នាំថ្មីនេះ​តែម្តងនោះ គឺជាដំណើរទស្សន​កិច្ចក្រៅប្រទេស​លើកដំបូង របស់មេដឹកនាំចិន​ក្នុងឆ្នាំ២០១៨​ នេះ​។ ប្រការនេះ​បានបង្ហាញឲ្យឃើញ​ពីទំហំដ៏ធំធេង នៃសារៈសំខាន់​ដែលទីក្រុងប៉េកាំង ផ្សាភ្ជាប់ទៅក្នុង​ទំនាក់ទំនង​រវាងចិន-កម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្រ្តី លី ខឺឈាង បានចូល​ក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំង​បានជួបពិភាក្សា​ការងារជាមួយនាយករដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន។ នាឱកាសនោះ ភាគីទាំងពីរ​បានថ្លែងកោត​​សរសើរ​ជាខ្លាំង ចំពោះចំណង​មិត្តភាព ក៏ដូចជាកិច្ច​សហប្រតិបត្តិការ​រវាងចិន និងកម្ពុជា នៅក្នុងអំឡុងពេល ០៦ទសវត្សរ៍កន្លងទៅ​នេះ គិត​តាំងពីការ​បង្កើតចំណងទំនាក់​ទំនងការទូត​​​នៃប្រទេសទាំងពីរ ហើយរដ្ឋាភិបាល​ទាំងពីរ ក៏​បាន​ព្រម​ព្រៀង​គ្នា​​បន្ត​កសាង​សមិទ្ធិ​ផល​​បន្ថែម​ទៀត ព្រមទាំង​ចាប់ផ្តើម​អនាគតថ្មី ក៏ដូចជាសហការ​គ្នាបង្កើត​ សហគមន៍យុទ្ធសាស្រ្តមួយ ដែល​មាន​អនា​គត​​រួម​គ្នា​ផង​ដែរ​។

ភាគីទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ ទំនាក់ទំនងយុទ្ធសាស្ត្រជាញឹកញាប់ និងគាំទ្រ​គ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗ។ យើងនឹងបន្តគាំទ្រប្រជាជនកម្ពុជា នៅក្នុងការជ្រើសរើស​ផ្លូវសម្រាប់អភិវឌ្ឍន៍ ដែលសមស្របទៅនឹងភាពជាក់ស្តែងរបស់ពួកគេ និងផ្តល់នូវជំនួយដល់​ភាគីកម្ពុជាដើម្បីរក្សាឲ្យបាននូវស្ថិរភាព ការសម្រេចបាននូវការអភិវឌ្ឍ និងការ​បង្កើនជីវភាពរស់​នៅរបស់​​ប្រជាជន ទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។

យើងនឹងលើក​កម្ពស់ ការផ្លាស់ប្តូររវាង​ប្រជាជន និងប្រជាជន ដើម្បីលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋចិន ធ្វើដំណើរមកកម្ពុជា ហើយថែមទាំងបង្កើត​ឱកាស​បន្ថែម​សម្រាប់យុវជននៃ​ប្រទេសទាំងពីរ ធ្វើការសិក្សាស្វែងយល់​ពីគ្នា និងបង្កើតអ្នកស្នង​តំណែងបន្ត​សម្រាប់ជម្រុញ​ទំនាក់ទំនងចិន និងកម្ពុជាផងដែរ។ ភាគីទាំងពីរក៏​នឹងបង្កើនការសម្រលសម្រួល​ពហុភាគី លើកកម្ពស់​ផលប្រយោជន៍ នៃប្រទេសកំពុង​អភិវឌ្ឍន៍ និងបង្កើនការ​ឧបត្ថម្ភឲ្យបានលើសលប់ ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាព​នៃតំបន់ រួមទាំងពិភពលោកទាំងមូល។

អំឡុងពេលនៃដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង និងនាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើជាសក្ខីភាពក្នុងពិធី​ចុះហត្ថលេខា លើឯកសារនៃកិច្ច​សហប្រតិបត្តិការទ្វេភាគីចំនួន ១៩, បំពេញទស្សនកិច្ច​នៅក្នុងពិព័រណ៍រូបភាព រំលឹកខួបលើកទី ៦០ឆ្នាំ នៃទំនាក់ទំនង​ការទូតចិន-កម្ពុជា, ចូលរួមពិធីបើក​សម្ពោធ «កម្មវិធីដំណើរកម្សាន្តបេះដូង​នៃក្តីស្រឡាញ់» ដែលឧបត្ថម្ភគាំទ្រដោយប្រទេសចិន និងសម្ពោធគំរោងនៃមន្ទីរពេទ្យ​មិត្តភាព​ព្រះកុសមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ក្រោមជំនួយពីចិន។

ដំណើរទស្សនកិច្ច​របស់នាយករដ្ឋ​មន្ត្រីចិន លោក លី ខឺឈាង ត្រូវបានធ្វើឡើង​នាឱកាស​ប្រារព្ធខួប ៦០ឆ្នាំ នៃការបង្កើតឡើង​នូវទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា។ រយៈពេល ០៦ ទសវត្សរ៍នេះ ពិតជាបានក្លាយជាសាក្សីដល់មិត្តភាពចិន-កម្ពុជា និងភាគជោគជ័យ នៃកិច្ច​សហប្រតិបត្តិការទ្វេភាគី។ ជាមួយនឹងលទ្ធផល នៃការបំពេញដំណើរទស្សនកិច្ចរបស់ លោក​នាយករដ្ឋមន្ត្រីចិន លី ខឺឈាង ដែលត្រូវបានបោះជំហានម្តងមួយៗ ក្នុងភាពជាដៃគូ​យុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងចិន និងកម្ពុជា ត្រូវបានគេរំពឹងថា នឹងសម្រេចបាននូវការអភិវឌ្ឍដ៏ធំធេងបន្ថែមទៀត៕