(ប៉េកាំង)៖ យន្តហោះចម្បាំង​ចិនធុន J-16 កំពុងត្រូវបានដាក់បញ្ជូល​យ៉ាងស្ងាត់ៗទៅក្នុង ជួរកម្លាំងទ័ពដ៏ធំ​ជាង​គេ​​បំផុត​លើ​លោក PLA របស់​ប្រទេសចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅយប់​ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។

បើតាមសារព័ត៌មាន​ស្តីពីវិស័យ​ការពារជាតិ Defense News យន្តហោះ​ចម្បាំងចិន J-16 កំពុងត្រូវដាក់​ឲ្យប្រើប្រាស់នៅ​ក្នុងជួរ​កង​ទ័ព​អាកាសចិន ក្នុងអត្រាយ៉ាង​ឆាប់រហ័សជាង​យន្តហោះចម្បាំង​ជំនាន់ថ្មី J-20 ដែលទទួលបាន​ការចំណាប់​អារម្មណ៍ខ្លាំង ពីអន្តរ​ជាតិ​​ទៅទៀត។​
បើតាមប្រភព​ព័ត៌មានខាងលើ យន្តហោះធុន J-16 យ៉ាងតិច ០២ក្រុម ថែមទៀតត្រូវបានបញ្ចូល ឬក៏កំពុងស្ថិត​ក្នុងដំណើរការ​ដាក់​បញ្ចូល ទៅក្នុងកង​ទ័ពអាកាស PLA ដោយផ្អែក​ទៅលើរូបភាព​ថ្មីៗ ដែលចេញផ្សាយ​ដោយក្រសួង​ការពារជាតិចិន។ ជាមួយចំនួន​បន្ថែមនេះ ទ័ពអាកាសចិន​មានក្រុមយន្តហោះ​ចម្បាំង J-16 យ៉ាងតិច ០៣ក្រុម ហើយ ដើម្បីត្រៀម​ប្រយុទ្ធក្នុង​សមរភូមិ។

គួរជម្រាបថា J-16 គឺជាយន្តហោះ​ចម្បាំង ដែលផលិតឡើង​តាមគំរូនៃយន្តហោះ​ចម្បាំងមាន​សមត្ថភាព​ចំរុះធុន Su-30 របស់រុស្ស៊ី ដែលក្រុមអ្នក​ជំនាញ​បានចាត់ទុកថាគឺជា គូប្រជែងលើ​ផ្ទៃអាកាស ដែលមាន​សមត្ថភាព ពុំចាញ់យន្តហោះ​ចម្បាំងធុន F-15 របស់​សហ​រដ្ឋអាមេរិក​ឡើយ។

ដោយឡែក យន្តហោះចម្បាំង​ជំនាន់ទី០៥ ធុន J-20 ដែលទោះជា​ត្រូវបានកងទ័ពចិន ដាក់ឲ្យដំណើរការ​កាលពីខែកញ្ញាឆ្នាំ​ទៅក៏​ដោយ​ វាត្រូវអ្នកជំនាញ​រំពឹងថា នឹងចំណាយពេលវេលា​យូរថែមទៀត ដើម្បីដាក់បញ្ចូល​ឲ្យប្រើប្រាស់ពេញលេញ​ទាំងស្រុង ដូច​នឹង​​យន្ត​ហោះ​​​ច​ម្បាំងប្រភេទ​ធុន F-35 របស់អាមេរិកដែរ៕