(វ៉ាស៊ីនតោន)៖ មូលដ្ឋានទ័ព​អាមេរិក​មួយកន្លែង ស្ថិតនៅរដ្ឋ Missouri បានប្រញាប់រុះរើ​ចោលនូវកាមេរ៉ា​សុវត្ថិភាព ដែល​ជា​ផលិត​ផល​​​​របស់​​ប្រទេសចិន ក្រោយពីមានក្តី​ព្រួយបារម្ភថា ឧបករណ៍​ទាំងនោះ អាចត្រូវប្រើប្រាស់​ដោយទីក្រុងប៉េកាំង ដើម្បីធ្វើសកម្ម​ភាព​ស៊ើបការណ៍​ មកលើយោធា​អាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅ​ថ្ងៃ​សៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។

​បើតាមសេចក្តីរាយការណ៍​របស់សារព័ត៌មាន​អាមេរិក The Wall Street Journal បន្ទាយ​យោធា Leonard Wood បាន​ដោះ​​កា​មេ​រ៉ា​ចំនួន​ ០៥​គ្រឿង​ចេញ ដែលផលិត​ឡើងដោយក្រុមហ៊ុន​បច្ចេកវិទ្យាចិន Hikvision នៅ​ក្រុង Hangzhou និង​​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុង​​​ការ​​ឃ្លាំ​មើល​​ផ្លូវ​ថ្នល់ និងទីតាំងចត​យានជំនិះ​​នៅឯមូលដ្ឋាន​ទ័ពនេះ ខណៈរដ្ឋា​ភិ​បាល​​ចិន​ត្រូវគេរាយការណ៍ថា មានភាគហ៊ុន ​៤២​ភាគ​រយ នៅក្នុងក្រុម​ហ៊ុននោះ។

គួរជម្រាបថា យ៉ាងណាមិញ​ខាងយោធាផ្ទាល់ ពុំបានជឿថា​កាមេរ៉ាទាំងនោះ​ផ្តល់ឱកាស​សម្រាប់ទីក្រុង​ប៉េកាំង ក្នុងការធ្វើសកម្ម​ភាពស៊ើបការណ៍ ឬប្រមូលព័ត៌មាន​សម្ងាត់ផ្សេងៗ​ឡើយ ហើយជំនួស​មកវិញ ការរុះរើប្រព័ន្ធ​កាមេរ៉ាប៉ុន្មានគ្រឿងនេះ គឺដើម្បី​ធ្វើ​​ឲ្យ​អស់មន្ទិលសង្ស័យ​អវិជ្ជមាន​ទាំងឡាយ ជុំវិញវត្តមាន​នៃកាមេរ៉ា Hikvision ក្រោយពីមាន​សេចក្តីការណ៍ព័ត៌មាន​ពាក់ព័ន្ធនឹងការ​ប្រើ​ប្រាស់ពួកវា៕