(វ៉ាស៊ីនតោន)៖ ផ្កាយរណប​ស៊ើបការណ៍អាមេរិក​មួយផ្សេងទៀត ត្រូវបានបាញ់​បង្ហោះចេញពីមូលដ្ឋាន​ទ័ពអាកាស Vandenberg នាចុង​សប្តាហ៍នេះ ដោយសង្ឃឹមថា នឹងមិនជួប​ជោគវាសនា ដូចទៅនឹងការបាញ់​បង្ហាញផ្កាយរណប​ដ៏អាថ៌កំបាំងមួយ​គ្រឿង​ផ្សេង​ទៀត (Zuma) កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយក្រុមហ៊ុនអវកាសឯកជន SpaceX នោះឡើយ។ នេះបើតាមការ​ចេញផ្សាយដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។

ផ្កាយរណប​ដែលបាញ់បង្ហោះ​នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) មានឈ្មោះថា NROL-47 និងបានហោះឡើង​ឆ្ពោះ​ទៅកាន់ទីអវកាស​ តាមរយៈគ្រាប់​រ៉ុក្កែត Delta IV របស់​ក្រុមហ៊ុន United Launch Alliance (ULA) ចេញពីបន្ទាយ​ទ័ពអាកាសអាមេ​រិក Vandenberg ក្នុងរដ្ឋ​កាលីហ្វរញ៉ា។ នាខណៈនេះ អ្វីដែលគេ​ដឹងអំពី NROL-47 នោះគឺថា វានឹងត្រូវធ្វើ​ប្រតិបត្តិការ​ដោយ​​ការិ​យា​ល័យ​ស៊ើបការណ៍ជាតិ (NRO) ដែលជាអ្នក​ផលិត និងគ្រប់គ្រងផ្កាយរណប​ចារកម្ម របស់​សហរដ្ឋអាមេរិក។

បើតាមសេចក្តី​ថ្លែងការណ៍​របស់ ULA ក្រុមហ៊ុន​អវកាសនេះ ព្រមទាំង NRO សង្ឃឹមថា ការបាញ់បង្ហោះ​ផ្កាយរណប​ខាងលើ នឹង​ទទួលបាន​លទ្ធផលប្រសើរ​ជាងការ​បាញ់បង្ហោះ​របស់ក្រុមហ៊ុន SpaceX កាលពីជិត​មួយសប្តាហ៍មុន ខណៈមាន​សេចក្តីរាយការណ៍​​ជាច្រើន បានអះអាងថា ផ្កាយរណប​ស៊ើបការណ៍ Zuma ទំនងជាបាន​ទទួលបរាជ័យ ក្រោយពីបាន​ទៅដល់គន្លងអវកាស​តែបន្តិច​​ប៉ុណ្ណោះ។

គួរជម្រាបថា យ៉ាងណាមិញ​ស្ថានភាពជាក់ស្តែងថា តើបេសកកម្ម Zuma ទទួល​ជោគជ័យដែរ ឬយ៉ាងនោះ​នៅតែជា​មន្ទិលសង្ស័យ​​ និងស្រពិចស្រពិលនៅឡើយ មកទល់ពេលនេះ ព្រោះតែអ្នកតាមដាន​មួយចំនួនអះអាងថា អាមេរិកអាចបិទបាំង​ភាព​ជោគជ័យ​របស់ខ្លួន ដើម្បីបង្វែការចាប់​អារម្មណ៍របស់បរទេស៕