(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បាន​និយាយថា លោកគ្មានថ្ងៃជឿជាក់ឡើយថា គ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលទើប​ត្រូវបានអភិវឌ្ឍន៍ថ្មី​ដោយប្រទេសកូរ៉េខាងជើងនោះ អាចមានលទ្ធភាពបាញ់មកដល់ ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។

លោក ម៉ាត់ទីស បានថ្លែងនៅក្នុងបទសង្ខេប​ព័ត៌មានមួយ នៅឯ​មន្ទីរបញ្ចកោណ នៃក្រសួង​ការពារ​ជាតិអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន យ៉ាងដូច្នេះថា «វាគ្មានការ​បង្ហាញណាមួយ​នៅឡើយទេថា គ្រាប់មីស៊ីលនោះមានលទ្ធភាពអាចគម្រាមកំហែងដល់យើង​នាពេល​ឥឡូវ​នេះ។ សហរដ្ឋអាមេរិក នៅត្រូវការពេលវេលាបន្ថែមទៀត ដើម្បីតាមដានលើរឿងនេះ»

ការថ្លែងដូចខាងលើនេះ បានកើតមានឡើង ស្របពេលដែលរដ្ឋមន្ត្រី​ការបរទេស លោក រ៉ិច ធីល្លឺសុន នៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ (UNSC) ស្តីពីការវិវឌ្ឍស្ថានការណ៍ នៅឧបទ្វីបកូរ៉េ​បានលើកឡើងថា «សហរដ្ឋអាមេរិក នឹងបន្ត​យុទ្ធនាការដាក់សម្ពាធរបស់ខ្លួន ដែលផ្តោតសំខាន់​ទៅលើ​ទណ្ឌកម្ម​​សេដ្ឋកិច្ច ដើម្បីជម្រុញ​ឲ្យអាវុធ​នុយក្លេអ៊ែរ ត្រូវបានលុបបំបាត់​ទាំងស្រុង​ពី​ឧបទ្វីបកូរ៉េ»