(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានធ្វើការបង្ហើបព័ត៌មានដ៏គួរ​ឲ្យតក់ស្លុតថ្មីមួយនាសប្តាហ៍នេះ ដោយបានអះអាងថា អគ្គមេបញ្ជាការយោធាជាន់ខ្ពស់លំដាប់​ទី ២ នៅកូរ៉េខាងជើងវ័យ ៧២ឆ្នាំ ដែលតែងតែអមដំណើរ លោក គីម ជុងអ៊ុន រហូតមកនោះ អាចត្រូវបានប្រហារជីវិតបាត់ទៅហើយ ជាមួយនឹងមន្ត្រីជំនិត​របស់ខ្លួនម្នាក់ទៀត។ នេះបើតាម​ការដកស្រង់ព័ត៌មានពី Sputnik នារសៀលថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។

អគ្គមេបញ្ជាការជាន់ខ្ពស់ខាងលើនេះ គឺលោក Hwang Pyong-so ត្រូវបានសារព័ត៌មាន​កូរ៉េខាងត្បូង Joongang Ilbo ចេញផ្សាយម្តងរួចទៅហើយថា បានបាត់ដំណឹងកាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ហើយក្រោយមក​ក៏បានលេចលឺព័ត៌មានថា លោកត្រូវបាន​មេដឹកនាំ​ជាន់ខ្ពស់ផុតលេខ បណ្តេញចេញពីបក្សជាមួយ​​នឹងមន្ត្រីជំនិត របស់លោក​ម្នាក់ទៀត ដោយ​ចោទថា «លោកមានចរិត​មិនស្មោះត្រង់»។

គួរបញ្ជាក់តាមសេចក្តី​រាយការណ៍ព័ត៌មាន​ខាងលើនេះថា ប្រសិនបើ លោក Hwang ពិតជាត្រូវបានបណ្តេញចេញពីបក្សពលករមែននោះ វាក៏មានន័យថា លោកត្រូវបញ្ចប់​តួនាទីទាំង​អស់​របស់លោកផងដែរ ហើយការសន្និដ្ឋាន​ដោយផ្អែកលើបណ្តាព័ត៌មាន ដែលត្រូវបានស៊ើប​ជាច្រើនកន្លងមកឲ្យដឹងទៀតថា លោកអាចនឹងត្រូវ​​បាត់បង់ជីវិត ដូចមន្ត្រីជាន់ខ្ពស់​មួយចំនួនកន្លងមក ក្រោមបញ្ជាផ្ទាល់ពី ​លោក គីម ជុងអ៊ុន ដូចជាពូបង្កើត និងក្រុមគ្រួសារ ដែលសុទ្ធសឹងតែជាប់ទោស «មិនស្មោះត្រង់នឹងបក្ស ឬក៏​របបដឹកនាំ​របស់​មេដឹកនាំវ័យក្មេងរូបនេះ» ហើយត្រូវបានយកទៅប្រហារជីវិតយ៉ាងព្រៃផ្សៃ។

គួររំលឹកបន្ថែមទៀត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ លោក Hwang ត្រូវបានតែងតែ​ជាអនុប្រធាន នៃគណកម្មការ​​ការពារជាតិ NDC ដែលជាដៃជើង​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង ដើម្បីគ្រប់គ្រង​លើយោធា។ សម្រាប់ប្រធាន NDC ដែលជា​មនុស្សមាន​អំណាចលេខ ១ ក្នុងប្រទេសនោះ គឺគ្មាននរណា​​ក្រៅពីលោក គីម ជុងអ៊ុន នោះឡើយ៕