(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋអាជ្ញា​អាមេរិក លោក Jeff Sessions កំពុងរៀបចំតែង​តាំង​រដ្ឋអាជ្ញា​បន្ថែម ទៅកាន់ការិយាល័យ​​​មេ​ធា​វីក្នុងរដ្ឋ Maryland ក្រោមក្របខណ្ឌ​នៃកិច្ចប្រឹងប្រែង​ របស់ក្រសួងយុត្តិធម៌អាមេរិក ក្នុងការកាត់បន្ថយអំពើ​ឧក្រិដ្ឋកម្ម​ និងហិង្សា។ នេះបើតាម​ការ​​​ដកស្រង់​ការផ្សាយចេញ​ពី សារព័ត៌មាន The Baltimore Sun នៅព្រឹក​ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។

សេចក្តីប្រកាស​ខាងលើនេះ ត្រូវបានធ្វើឡើងនៅ​ប៉ុន្មានថ្ងៃ ក្រោយពី​លោក Sessions បានធ្វើសន្និសីទ​សារព័ត៌មាននៅ​​ក្នុង​ទីក្រុង Baltimore នៃរដ្ឋខាងលើ ដើម្បីពិភាក្សា​អំពីការខិតខំ​របស់ រដ្ឋាភិបាល​ប្រធានាធិបតី ដូណាល់ ត្រាំ ​ក្នុង​ការ​ទប់​ស្កាត់​ការ​ធ្វើ​អន្តោ​ប្រវេសន៍​​ខុសច្បាប់ និង​ក្រុមជនអន្ធពាល​អន្តរជាតិ។ ក្នុងអំឡុងដំណើរ​ទស្សនកិច្ចនោះ លោក Sessions ក៏​បាន​លើក​ឡើង​​​ពី​​​អំពើ​​ឃាតកម្ម នៅក្នុង​​ក្រុង Baltimore ផងដែរ ដែលបានកើន​ឡើងលើសពី ៣០០ករណី ​ក្នុងរយៈពេល ០៣ឆ្នាំ ជាប់គ្នានេះ។

លោក Jeff Sessions បាន​បញ្ជាក់ថា «ការតែងតាំងរដ្ឋ​អាជ្ញា​បន្ថែមនេះ នឹងអាចជួយឈាន​ទៅដល់ការ​​លុប​បំបាត់​​​ក្រុម​ឧក្រិដ្ឋ​ជន​​បាន​ឆាប់រហ័ស ដែលជាលទ្ធផល​នឹងធ្វើឲ្យបទល្មើស​ហិង្សា ​ត្រូវបាន​កាត់បន្ថយ»