(ហ្សាការតា)៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី បានចេញសារ​ព្រមានឲ្យប្រុង​ប្រយ័ត្ន​ ចំពោះរលកយក្សស៊ូណាមិ​​សម្រាប់មួយ​​រយៈ​ពេល​ខ្លី​ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​​កម្រិត​បង្គួរ និងធ្ងន់​ជាបន្តបន្ទាប់ បានវាយប្រហារ​ទៅលើបណ្តា​ក្រុងជាប់ឆ្នេរសមុទ្រ ស្ថិតនៅលើ​ខេត្ត Java ខាងលិច ដែលបានផ្តាច់ជីវិត​​មនុស្ស​យ៉ាងតិច ០២នាក់ និងបង្កការ​បំផ្លិចបំផ្លាញ​​លំនៅឋាន​ជាច្រើនខ្នង។ នេះបើតាម​ការដក​ស្រង់​​ការ​ផ្សាយ​ចេញ​​​ពី ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។

បើតាម​ទីភ្នាក់ងារ BMKG របស់ឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីដំបូង​​មានកម្រិត ៤.៥រ៉ិចទ័រ បានកើតឡើង​នៅចម្ងាយ ៤៨គីឡូម៉ែត្រ​​​​ ភាគ​​និរតី​​ក្រុង Sukabumi នៃខេត្ត Java ខាងលិច កាលពីវេលា​ម៉ោង ១១៖០៤នាទីយប់​ថ្ងៃសុក្រ នៅជម្រៅ ៥០គីឡូម៉ែត្រ។ រីឯ​គ្រោះ​រញ្ជួយ​ដី​ទីពីរ ដែលមានកម្រិត​ដល់ទៅ ៧.៣រ៉ិចទ័រ បានកើតមាន​ឡើងប្រមាណជា ៤២នាទីបន្ទាប់​ ដោយចំណុចរំញ័រ​​ស្ថិត​នៅ ចម្ងាយ ​៧៤​គីឡូ​ម៉ែត្រ​​ ភាគនិរតី​នៃក្រុង Kawalu ជាមួយ​ជម្រៅ ១០៥គីឡូម៉ែត្រ ក្នុងតំបន់ Tasikmalaya នៃខេត្ត Java ខាងលិច។

ចំណែកហេតុការណ៍រញ្ជួយដី​ទីបីវិញ ដែលមានកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារ​ស្ទើរតែផ្ទួនៗគ្នាតែម្តង ​ហើយ​នៅតំបន់ Tasikma laya ដូចគ្នា ដោយចំណុច​រំញ័ររបស់វា ស្ថិតនៅចម្ងាយ ១១គីឡូម៉ែត្រ​​ ភាគនិរតីនៃតំបន់នេះ ជាមួយជម្រៅ ១០៧គីឡូម៉ែត្រ។​ ទីភ្នាក់​ងារ​ខាងលើ ក៏បានចេញ​សេចក្តីព្រមាន អំពីរលកយក្សស៊ូណាមិ សម្រាប់​ខេត្ត Java ខាងលិច, Java កណ្តាល, និង Yogyakarta បន្ទាប់ពីគ្រោះ​រញ្ជួយដី​ទី ២ បានកើតឡើង ហើយបានដក​សារនេះ​ចេញវិញនៅ ០២ម៉ោងក្រោយ។

គួរជម្រាបថា បើតាមអ្នកនាំ​ពាក្យបង្ការគញគ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី BNPB មនុស្ស ០២នាក់ នៅខេត្ត Java កណ្តាល និងខាង​លិច បានបាត់បង់ជីវិត​ដោយសា​រ​គ្រោះរញ្ជួយដី​ទាំងនេះ ហើយ ០៧នាក់បានរងរបួស ខណៈផ្ទះសម្បែង​ច្រើនជាង ១០០ខ្នង​ បាន​​ដួលរលំ និងរងការខូចខាត នៅក្នុងខេត្ត​ទាំងពីរនេះ៕