(វ៉ាស៊ីនតោន)៖ អ្នកជំនាញ​អាមេរិកមួយក្រុម ដែលតាមដានបញ្ហា​ពាក់​ព័ន្ធ​នឹងកូរ៉េខាងជើង បានអះអាង​​អំពីព័ត៌មានថ្មីមួយ ក្រោយពីបានធ្វើការអង្កេត​យ៉ាងសម្ងាត់ មួយរយៈពេល​កន្លងទៅ​នេះថា ទីក្រុងព្យុងយ៉ាង​កំពុងតែ​រៀបចំ​ខ្លួន​ ដើម្បី​​​ធ្វើតេស្តអាវុធនុយក្លេអ៊ែរ​មួយផ្សេងទៀត​នៅឯមូលដ្ឋាន ភុងគ្យេរី (Punggye-ri) ភាគឦសាន​ប្រទេស​របស់ខ្លួន ដែលសេចក្តីរាយការណ៍ថា បានដួលរលំទៅហើយនោះ។ នេះបើតាម​ការចេញ​​ផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​ពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

អ្នកវិភាគបីរូប​មកពីក្រុមអ្នកវិភាគ​លើតំបន់​ឧបទ្វីបកូរ៉េ 38 North បានឲ្យដឹង បើតាមសំណុំ​រូបភាពពី​ផ្កាយរណប ​​ទីតាំងធ្វើតេស្ត​​នុយក្លេអ៊ែរ Punggye-ri មានសកម្មភាព​មមាញឹក​ជាប់មកជានិច្ច នាពេលកន្លង​ទៅនេះ។ មូលដ្ឋាន Punggye-ri ដែលស្ថិត​នៅ​​ក្បែរ​ភ្នំ Mantap គឺជាកន្លែង​ដែលការធ្វើតេស្ត​នុយក្លេអ៊ែរ​ទាំង ០៦ របស់​កូរ៉េខាងជើង រាប់ចាប់ពី​ឆ្នាំ២០០៦មក និងរួមទាំងការធ្វើតេស្ត​​ចុង​ក្រោយបំផុត​កាលពី​ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានធ្វើឡើង។

យ៉ាងណាមិញ អ្នកវិភាគ​ផ្សេងទៀត​បានលើក​ឡើងថា បើតាមការ​សង្កេតឃើញ មាន​សកម្មភាពរំញ័រ​តូចៗ​ជាបន្តបន្ទាប់នោះ ​មូល​ដ្ឋាន Punggye-ri ប្រហែលជា​ពុំមានស្ថិរភាពឡើយនា​ពេល​បច្ចុប្បន្ន ដែលប្រការនេះ​អាចបង្ខំឲ្យ​ផ្លូវរូង​ក្រោមដីថ្មី ត្រូវបង្កើត​ឡើង​ ខណៈមានតែ​តំបន់ច្រកខាងលិច​ប៉ុណ្ណោះ ដែលទំនងជាត្រូវ​ប្រើប្រាស់ សម្រាប់ការធ្វើតេស្ត​បន្ទាប់ទៀត​បាន។ ម៉្យាងវិញទៀត ការរៀបចំ​ដើម្បី​ធ្វើតេស្តនុយក្លេអ៊ែរ​សាជាថ្មី អាច​តម្រូវឲ្យ​កូរ៉េខាងជើង​ចំណាយពេល​យ៉ាងតិច ០១ឆ្នាំ ឬយូរជាងនេះ ដោយសម្អាង​ថា ​ការធ្វើតេស្តពីរ​លើកចុងក្រោយ​នេះ ត្រូវបានធ្វើឡើង​ឃ្លាតគ្នារយៈពេល ០១ឆ្នាំ៕