(តេហេរ៉ង់)៖ ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani បានលើកឡើងថា ទីក្រុង​តេហេរ៉ង់ អាចស្តារទំនាក់ទំនង​ឲ្យប្រសើរឡើងវិញ​​បាន ជាមួយនឹង​អារ៉ាប៊ីសាអូឌីត ប្រសិនបើ​រាជាណាចក្រ​អារ៉ាប់មួយនេះ កាត់ផ្តាច់ចំណង​មិត្តភាពរបស់​ខ្លួនចោល ជាមួយ​​​អ៊ី​ស្រា​​អែល​។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចប្រជុំ​សភាមួយនៅ​រដ្ឋធានីតេហេរ៉ង់ លោក Rouhani បានព្រលយពាក្យ​មួយឃ្លាថា សាធារណរដ្ឋ​អ៊ីស្លាមរបស់លោក នឹង​​ពុំមានបញ្ហាអ្វី​ទៀតឡើយជា​មួយ​អារ៉ាប៊ីសាអូឌីត ប្រសិនបើទីក្រុង​រីយ៉ាដ ឈប់ឱនក្បាល​ដាក់អ៊ីស្រាអែល​ទៀត ហើយងាកទៅពឹង​ផ្អែកលើខ្លួន​ឯងវិញ។ លោកប្រធានាធិបតី​អ៊ីរ៉ង់ បានសង្កត់ធ្ងន់​ដូច្នេះថា «យើងចង់ឲ្យ​អារ៉ាប៊ីសាអូឌីត បញ្ឈប់រឿង​ពីរយ៉ាង គឺចំណង​មិត្តភាព​ជាមួយប្រទេស​អ៊ីស្រាអែល និងការទម្លាក់គ្រាប់បែក​យ៉ាងអមនុស្សធម៌ ​ទៅលើប្រទេស​យេម៉ែន»

គួរជម្រាបថា អារ៉ាប៊ីសាអូឌីត បានផ្តាច់ទំនាក់ទំនង​ការទូតជាមួយ​អ៊ីរ៉ង់ កាលពីអំឡុង​ដើមឆ្នាំ២០១៦ ដើម្បីជាការជំទាស់​ចំពោះ​ការ​វាយប្រហារ ដែលត្រូវបានធ្វើឡើង​ប្រឆាំងនឹងបេសកកម្ម​ការទូត​អារ៉ាប៊ីសាអូឌីត នៅអ៊ីរ៉ង់ ក្រោយពីការ​ប្រហារជីវិត របស់​អារ៉ាប៊ី​សា​អូ​ឌីត​​​​ទៅ​លើ​បុព្វ​ជិតអ៊ីស្លាមនិកាយ​ស៊ីអ៊ីតម្នាក់។ ម៉្យាងវិញទៀត ការបាញ់មីស៊ីល​ផ្លោងមួយគ្រាប់ សំដៅទៅកាន់​ទីក្រុងរីយ៉ាដ ដែល​ធ្វើ​ឡើង​​ដោយ​​​ក្រុម​ឧទ្ទាម Houthi កាលពី​ខែមុន ក៏បានធ្វើឲ្យប្រទេស​ទាំងពីរ ឈានទៅរកភាពតានតឹង​ថ្មីមួយកម្រិតទៀត។

ជាមួយគ្នានេះ ការលើកឡើង​ខាងលើរបស់ លោក Hassan Rouhani បានកើតមាន​ឡើង ចំពេលមាន​សេចក្តីរាយការណ៍​ព័ត៌មានថា ​ទីក្រុងរីយ៉ាដ បាននិងកំពុងស្វែងរកទំនាក់ទំនង កាន់តែជិតស្និទ្ធ​ជាមួយអ៊ីស្រាអែល ក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពល​ ដែលកំពុង​កើន​ឡើង របស់ប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវរួមរបស់​អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល៕