(សេអ៊ូល)៖ កូរ៉េខាងត្បូង​នៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា​ ស្ទាក់ចាប់គ្រាប់​មីស៊ីលរួមគ្នា ជាមួយ​សហរដ្ឋអាមេរិក និងជប៉ុន ខណៈការលើក​ឡើងជា​ច្រើនថា កូរ៉េខាងជើង​អាចធ្វើតេស្ដមីស៊ីល​បាញ់ចេញពី​នាវាមុជទឹក (SLBM) ក្នុងពេល​ឆាប់ៗនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូង​បានឱ្យដឹង​ទៀតថា សមយុទ្ធយោធា​មានរយៈពេល​ពីរថ្ងៃនេះ ដែលកំពុង​ធ្វើឡើងនៅឯតំបន់​ដែនទឹក​ក្បែរឧបទ្វីបកូរ៉េ និងជប៉ុន គឺជាសមយុទ្ធត្រីភាគី​លើកដំបូង​បំផុត គិតចាប់តាំងពីកូរ៉េខាងជើង​បាញ់មីស៊ីល​ឆ្លងទ្វីប Hwasong-15 កាលពីចុង​ខែវិច្ឆិកា​កន្លងទៅ។

សមយុទ្ធយោធានេះ មានការចូលរួម​ពីនាវាពិឃាត​កូរ៉េខាងត្បូង Seoae Ryu Seong Ryong Aegis, នាវាពិឃាត​អាមេរិក U.S. Aegis, Stethem និង Decatur រួមទាំងនាវាពិឃាតជប៉ុន Chokai Aegis ហើយពួកគេនឹងផ្ដោត​សំខាន់លើហ្វឹកហាត់​ ចាប់សញ្ញា និងបំផ្លាញ​មីស៊ីល ក៏ដូចជាចែករំលែក​ព័ត៌មានគ្នា​ទៅវិញទៅមក នៅក្នុងករណី​មានការវាយប្រហារ ជាយថាហេតុណាមួយ ពីមីស៊ីល​កូរ៉េខាងជើង។

គួរបញ្ជាក់ថា ជាទម្លាប់ឱ្យ​តែកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ធ្វើសមយុទ្ធយោធា កូរ៉េខាងជើងតែង​តែបាញ់សាកល្បង​មីស៊ីល ឬក៏គំរាមវាយប្រហារ​លើ ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ។​ ជាក់ស្ដែង​បើតាមសេចក្ដី​រាយការណ៍​ជាច្រើន កូរ៉េខាងជើង​ទំនងជាអាចនឹង​ធ្វើតេស្ដមីស៊ីល បាញ់ចេញពី​នាវាមុជទឹក (SLBM) ក្នុងពេល​ឆាប់ៗនេះ៕