(បាកដាដ)៖ ទីបំផុត​បន្ទាប់ពី​អ៊ីរ៉ាក់បានប្រកាស​ជាផ្លូវការថា ទឹកដីនៃប្រទេស​នៅមជ្ឈិមបូព៌ាមួយនេះ ត្រូវបានរំដោះទាំងស្រុង​ចេញពី​កណ្តាប់​ដៃក្រុម ISIS កាលពីចុងសប្តាហ៍​មុខនោះ ពលរដ្ឋអ៊ីរ៉ាក់ខណៈពេលនេះ កំពុងតែអបអរជោគជ័យ​ដ៏ធំបំផុតមួយនេះ​ ក្នុង​សម​រភូមិ​ប្រយុទ្ធប្រឆាំង​នឹង ISIS ដែលបានអូសបន្លាយ​អស់រយៈពេល​ជាច្រើនឆ្នាំ នៅទូទាំងផ្ទៃប្រទេស។ នេះបើតាមការ​ដកស្រង់​ការ​ផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន នៅឯរដ្ឋធានី​បាកដាដ កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ លោក Haider al-Abadi បាន​ប្រកាសពី​ការបិទបញ្ចប់​សង្រ្គាម​​រយៈ​ពេល​​០៣​​ឆ្នាំ ​​​​របស់​កងទ័ពអ៊ីរ៉ាក់ ក្នុងការវាយបណ្តេញ​ក្រុមភេរវករ ISIS ចេញពី​ប្រទេស។ លោក al-Abadi បាន​លើក​ឡើងដូច្នេះថា «កម្លាំងយោធារបស់យើង បានដណ្តើមកាន់កាប់​ទាំងស្រុង នូវតំបន់ព្រំដែន​ភាគខាងលិច​ប្រទេស ជាប់ជាមួយ​នឹង​​ស៊ីរី ដូច្នេះហើយខ្ញុំសូម​ប្រកាសបិទបញ្ចប់​ការធ្វើសមរភូមិប្រឆាំងនឹងក្រុម ISIS ជាស្ថាពរ»

គួរជម្រាបថា ក្រុម ISIS បានចូលលុកលុយ​​តាមតំបន់ភាគ​ខាងជើង និងខាងលិច ​ប្រទេសអ៊ីរ៉ាក់ នៅក្នុងយុទ្ធនាការ​ដ៏រហ័សមួយ​កាលពី​ឆ្នាំ២០១៤។ ចំណែកឯ ការតស៊ូប្រយុទ្ធ​តបតវិញរបស់​រដ្ឋាភិបាលទីក្រុងបាកដាដ ត្រូវបានចាប់ផ្តើម​ធ្វើឡើង ជាមួយការ​ជួយ​​ជ្រោមជ្រែង​ពីសំណាក់​យុទ្ធនាការ​តាមដែន​អាកាស​របស់ ក្រុមយោធាចម្រុះ​អន្តរជាតិ ដែលមាន​សហរដ្ឋអាមេរិក​ជាអ្នក​ដឹកនាំ​ ហើយក៏ដណ្តើមយក​បាន​ដោយ​សន្សឹមៗនូវ ទីក្រុងរបស់ខ្លួន​ម្តងមួយៗ ពីដៃក្រុម ISIS វិញ៕