(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយ​ថា គណបក្សប្រឆាំងធំៗ នៅក្នុងប្រទេស​របស់លោក​ ត្រូវបានហាមមិនឱ្យ​ចូលរួមក្នុងការ បោះឆ្នោតប្រធានាធិបតី​នៅឆ្នាំ​ក្រោយនេះ។ លោកថា ការហាមឃាត់នេះ គឺដោយសារ​គណបក្សទាំងនោះ​មិនបានចូលរួម​ក្នុងការបោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​កាលពីថ្ងៃ អាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម លោក ម៉ាឌូរ៉ូ មានតែគណបក្ស​ដែលបានចូលរួម​ក្នុងការបោះឆ្នោត ជ្រើសរើស​អភិបាលក្រុង ទើបអាច​ចូលរួមប្រកួត​ប្រជែងបោះឆ្នោត​ប្រធានាធិបតី នៅអាណត្តិ​ក្រោយនេះ។ ប៉ុន្តែក្រុម​គណបក្ស​ប្រឆាំង​មានដូចជា Justice First, Popular Will និង Democratic Action បានពហិការ​ការបោះឆ្នោតអភិបាល​ក្រុង កាលពីថ្ងៃអាទិត្យ​ដោយចោទថា ការបោះឆ្នោត និងប្រព័ន្ធបោះឆ្នោត​មានលក្ខណៈ​លំអៀង។

តែទោះជា​បែបនេះក្ដី លោក ម៉ាឌូរ៉ូ អះអាងថាប្រព័ន្ធ​បោះឆ្នោត​វេណេស៊ុយអេឡា គឺមានតម្លាភាព និងគួរឱ្យទុកចិត្ត​បានទាំងស្រុង។ «គណបក្ស​ប្រឆាំង​បានបាត់ចេញពី​ផែនទី​នយោបាយ... គណបក្ស​ដែលមិនបាន​ចូលរួមការបោះឆ្នោត​នៅថ្ងៃនេះ ឬធ្វើ​ពហិការ គឺ​មិនអាច​ចូលរួមការ​បោះឆ្នោត​នៅឆ្នាំក្រោយ​ឡើយ»។ នេះគឺជា​ការលើកឡើង​របស់លោក ម៉ាឌូរ៉ូ។

គួរបញ្ជាក់ថា កាលពី​ខែតុលាគណបក្សប្រឆាំងធំៗ​ទាំងបីខាងលើ ធ្លាប់បាន​ប្រកាសថា ពួកគេនឹង​មិនចូលរួមក្នុង​ការបោះឆ្នោតជ្រើសរើសអភិបាល​ក្រុងកាលពី​ថ្ងៃអាទិត្យ ឡើយ ហើយថែម​ទាំងចាត់ទុកថា ការបោះឆ្នោតនេះ​ត្រូវបាន លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រើប្រាស់​ជា​ប្រយោជន៍៕