(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីសា្រអែលពីសំណាក់ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំបាននិងកំពុងបង្កឱ្យ មានភាពចលាចលកាន់តែខ្លាំងរវាងប៉ាឡេស្ទីន និងអ៊ីសា្រអែល។ ជាក់ស្ដែងបើតាមសេចក្ដីរាយការណ៍ជាច្រើន ជនជាតិប៉ាឡេស្ទីនជាសមាជិកក្រុមហាម៉ាស់ពីរនាក់បាន ស្លាប់នៅក្នុងការវាយប្រហាររបស់យោធាអ៊ីសា្រអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមយោធាអ៊ីស្រាអែល កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បានបាញ់រ៉ុកក្កែតបីគ្រាប់ចេញពីទឹកដីហ្កាហ្សាឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល ហើយជាការឆ្លើយតប យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើឃ្លាំងស្ដុកអាវុធ និងមូលដ្ឋានយោធាមួយចំនួនរបស់ក្រុមហាម៉ាស់។ ដោយឡែក ក្រុមហាម៉ាស់ខ្លួនឯង ក៏បានទទួលស្គាល់ដែរថាបុរសប៉ាឡេស្ទីនពីរនាក់ដែលជាសមាជិករបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ តែទោះជាយ៉ាងណា ក្រុមហាម៉ាស់ នៅតែអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនក្រោកឈរឡើងដើម្បីប្រឆាំងនឹងអ៊ីសា្រអែល។

គួររំលឹកថា កាលពីថ្ងៃសុក្រ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បាននំាគ្នាធ្វើបាតុកម្មតវ៉ានៅតាមដងជាច្រើនក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែទន្ទឹមគ្នាជនជាតិប៉ាឡេស្ទីនពីរនាក់ បាន បាត់បង់ជីវិតផងដែរនៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល រីឯមនុស្សរាប់សិបអ្នកទៀតបានរងរបួស៕