(ញូយ៉ក)៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ លោក Jeffrey Feltman បានប្រាប់មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងពីចាំបាច់ក្នុងការរក្សាការបើកប្រព័ន្ធទំនាក់ទំនងគ្នាទៅវិញ ទៅមកដើម្បីបញ្ជៀសកុំឱ្យសង្រ្គាមផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។

លោក Feltman ថ្លែងបែបនេះបន្ទាប់ពីលោកបានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីប៉ុន្មានថ្ងៃមុននេះ។ លោក Feltman បានលើកឡើង ដូច្នេះថា៖«យើងត្រូវការជាចាំបាច់ការបើកប្រព័ន្ធទំនាក់ទំនងគ្នាទៅវិញទៅ ដើម្បីបង្កាកុំឱ្យសង្រ្គាមផ្ទុះឡើង ក៏ដូចជាបន្ធូរបន្ថយជម្លោះនាពេលបច្ចុប្បន្ន។ ចំណែកឯ សហគមន៍អន្តជាតិដែលកំពុងមានការព្រួយបារម្ភពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ក៏បានប្ដេជ្ញាចិត្តស្វែរកដំណោះស្រាយដោយសន្តិវិធីផងដែរ»។

គួរបញ្ជាក់ថា បើតាមលោក Jeffrey Feltman កូរ៉េខាងជើង បានយល់ព្រមរក្សាទំនាក់ទំនងជាប្រចាំជាមួយអង្គការសហប្រជាជាតិ។ ប៉ុន្តែទន្ទឹមគ្នាទីក្រុងព្យុងយ៉ាងក៏បាន អះអាងដែរកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនគឺគ្រាន់តែជាវិធានការពារខ្លួនតែប៉ុណ្ណោះ គ្មានចេតនាគំរាមកំហែងដល់បណ្ដាប្រទេសណាមួយផ្សេងនៅក្នុង តំបន់ឡើយ៕