(ប៉ាឡេស្ទីន)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នឹងមិនទទួលជួបអនុប្រធានាធិបតីអាមេរិក លោក Mike Pence ឡើយ ក្នុងអំឡុងដំណើរទស្សនកិច្ចមួយរបស់លោក Pence ដែលត្រូវបានគ្រោងទុកថា នឹងមកកាន់តំបន់​មជ្ឈិមបូព៌ា នាខែធ្នូនេះ​ ដើម្បីជាការឆ្លើយតបចំពោះ ការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់​ទីក្រុងហ្សេរុយសា​ឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែ​ធ្នូ ឆ្នាំ២០១៧។

លោក Makdi al-Khalidi ទីប្រឹក្សាប្រធានាធិបតីទទួលបន្ទុកកិច្ចការទូតរបស់លោក Abbas បានបង្ហើបឲ្យដឹងថា «វាច្បាស់​ណាស់​ថា​នឹង​ពុំ​មាន​​ការ​​ជួបពិភាក្សាគ្នាជាមួយលោក Pence នោះឡើយ ហើយបញ្ហានេះគឺធំជាងការជួបមុខគ្នាទៅទៀត»។ លោក al-Khalidi បានបន្ថែមថា «សហរដ្ឋអាមេរិក តាមរយៈការសម្រេចចិត្តរបស់ខ្លួន បានបោះជំហានដើរឆ្លងបន្ទាត់ក្រហមទាំងអស់»។

ជុំវិញការបដិសេធមិនទទួលជួបអនុប្រធានាធិបតី Mike Pence របស់រដ្ឋាភិបាលប៉ាឡេស្ទីន សេតវិមានអាមេរិក ក៏បាន​ចេញ​មុខ​ព្រមានធ្ងន់ៗ​ចំពោះ​រឿង​នេះ។ ដោយ​ឡែក ឆ្លើយតបទៅនឹងការគម្រាមមរបស់អាមេរិក លោក al-Khalidi បាននិយាយថា ពុំ​មាន​នរណា​ម្នាក់អាចមកគម្រាម​ប្រជាជន​ប៉ាឡេស្ទីនបានឡើយ ហើយក៏គ្មាននរណាម្នាក់ អាចគម្រាមដល់មេដឹកនាំរបស់​ប្រទេស​ប៉ា​ឡេ​ស្ទីន​បាន​ដែរ​។

គួរជម្រាបថា ការប្រកាសរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ កាលពីប៉ុន្មានថ្ងៃមុន ក្នុងការទទួលស្គាល់ទីក្រុងហ្សេ​រុយ​​សា​ឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល និងក្នុងការផ្លាស់ប្តូរស្ថានទូតអាមេរិកពីទីក្រុងតែលអាវីវ (Tel Aviv) បានបង្កឲ្យ​មាន​​ការ​ជំទាស់ទ្រង់ទ្រាយធំពីសំណាក់អន្តរជាតិ អារ៉ាប់ និងប៉ាឡេស្ទីនផ្ទាល់ ដែលជាអ្នកមានវិវាទជាមួយអ៊ីស្រាអែល ជុំវិញបញ្ហា​​​​ទីក្រុង​​ដ៏ពិសិដ្ឋមួយនេះ៕