(វ៉ាស៊ីនតោន)៖ អនុទីប្រឹក្សា​សន្តិសុខជាតិ របស់ប្រធានាធិបតី​អាមេរិក ត្រូវបានសេត​វិមានអះអាង​ឲ្យដឹងថា នឹងចុះចេញពី​តំណែង​របស់ខ្លួន នៅកំឡុងដើមឆ្នាំ​ក្រោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី​០៩ ខែធ្នូ ឆ្នាំ២០១៧។

អ្នកនាំពាក្យ​សេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍​មួយថា «លោកស្រី Dina Powel គឺជា​ទី​ប្រឹក្សា​ដ៏សំខាន់ និងគួរឲ្យជឿជាក់​មួយរូប​នៅក្នុង​រដ្ឋបាលនេះ»។ ជុំវិញការចាកចេញ​ពីសេតវិមាន លោកស្រី Sanders បាន​ឲ្យ​ដឹង​ថា​តាំង​ពីដើមមកលោកស្រី Powel មានគម្រោងថា នឹងកាន់តួនាទីនេះ​តែមួយឆ្នាំ​ប៉ុណ្ណោះ មុនពេលវិលត្រឡប់​ទៅរដ្ឋ​ញូយ៉ក​​វិញ​ ជាទីដែល​លោកស្រី នឹងនៅតែបន្ត​ជួយជ្រោមជ្រែង​ ដល់ក្តីបំណង និងកិច្ចការរបស់​លោកប្រធានាធិបតី ពាក់ព័ន្ធ​នឹងតំបន់​មជ្ឈិម​​បូព៌ា។

គួរជម្រាបថា លោកស្រី Powell ដែលបានបម្រើការក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ កាលពី​​ខែមិនាមក ត្រូវគេរំពឹងថា ជាមន្រ្តី​​ជំនិតមួយរូបក្នុង​ចំណោមមន្រ្តីជំនិត​មួយចំនួនទៀត ដែល​នឹង​ចាក​ចេញពី​សេតវិមាន ក្នុងគម្រប់ខួបមួយឆ្នាំ​ នៃ​ការកាន់តំណែង​​​​​​​ជាមេដឹកនាំ​អាមេរិក​របស់ លោក ដូណាល់ ត្រាំ៕