(វ៉ាស៊ីនតោន)៖ ក្រសួង​ការបរទេសអាមេរិក​បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណា​ ដាក់ពង្រាយប្រព័ន្ធ​មីស៊ីល​រយៈចម្ងាយ​មធ្យម ដើម្បីការពារខ្លួនឯង​ព្រមទាំង​សម្ព័ន្ធមិត្ត ជាការឆ្លើយ​តប​ចំពោះការបំពាន​របស់​ប្រទេសរុស្ស៊ី ទៅលើ​សន្ធិសញ្ញា INF រវាងប្រទេស​​ទាំងពីរ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។

សន្ធិសញ្ញាខាងលើ​ ដែលត្រូវបានចុះហត្ថលេខា​ដោយ​សហរដ្ឋអាមេរិក និងសហភាពសូវៀត (រុស្ស៊ីនាពេល​បច្ចុប្បន្ន) កាលពី​ឆ្នាំ១៩៨៧ បានហាមឃាត់​មិនឲ្យមានការអភិវឌ្ឍ ដាក់ពង្រាយ និងធ្វើតេស្តប្រព័ន្ធ​មីស៊ីលផ្លោង ឬក៏មីស៊ីល​ប្រដេញបាញ់​ចេញពីផ្ទៃដី ដែលមាន​រយៈចម្ងាយ​វាយប្រហារចន្លោះពី ៤៨៣គីឡូម៉ែត្រ ទៅ ៥,៤៧២គីឡូម៉ែត្រឡើយ។ ទីក្រុងម៉ូស្គូ និងទីក្រុង​វាស៊ីនតោន ដែលតែចោទ​ដាក់គ្នាទៅវិញទៅមក​ថា បាន​រំលោភលើ​សន្ធិសញ្ញា​នេះ។

អ្នកនាំពាក្យក្រសួង​បរទេស​អាមេរិក លោកស្រី Heather Nauert បានលើកឡើង​ក្នុងសេចក្តីថ្លែងការណ៍​មួយថា ​សន្ធិសញ្ញា​ដែលបាន​ចូលរួម​ចំណែកយ៉ាងធំធេង ក្នុងការរក្សាសន្តិភាព​ពិភពលោកនេះ កំពុងស្ថិតក្រោម​ការគម្រាមកំហែង ដោយសារតែ​ទីក្រុងម៉ូស្គូ កំពុង​​វិលទៅ​រកការអភិវឌ្ឍ ធ្វើតេស្ត និងដាក់ពង្រាយប្រព័ន្ធមីស៊ីល​ប្រដេញ បាញ់ចេញពីផ្ទៃដីមួយ ដែលអាចរត់ក្នុង​រយៈចម្ងាយ​​ ដែលហាម​ប្រាម​ដោយសន្ធិសញ្ញា​បាន។

លោកស្រី Nauert បានបញ្ជាក់ថា ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានប្រឹងប្រែង​ព្យាយាមរកផ្លូវពិភាក្សា​ជាមួយ​សហព័ន្ធរុស្ស៊ី ជុំវិញបញ្ហា​នេះ​យ៉ាងណាក្តី មន្រ្តីរដ្ឋាភិបាល​រុស្ស៊ី មកទល់​ពេលនេះ​បានធ្វើការបដិសេធ និងគេចវេះជា​បន្តបន្ទាប់។ ដូច្នេះហើយ សហរដ្ឋអាមេរិក មិនអាចឈរ​នៅស្ងៀម ខណៈដែលរុស្ស៊ី​បន្តអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធ​ ដែលល្មើសនឹង​សន្ធសញ្ញារវាង​ប្រទេសទាំងពីរ បានតទៀតឡើយ។​

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ ក្រៅពីការព្យាយាមដាក់សម្ពាធ​សេដ្ឋកិច្ច ដើម្បីបង្ខំឲ្យរុស្ស៊ីងាក​មកគោរព​សន្ធិ​សញ្ញា​​នេះ​វិញ ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងតែត្រួត​ពិនិត្យពិចារណា​ លើជម្រើសយោធាមួយ​ចំនួនផងដែរ ដែលរួមមាន​ទាំងការដាក់​ពង្រាយប្រព័ន្ធមីស៊ីល​រយៈចម្ងាយមធ្យម​របស់ខ្លួន ដែលនឹងអនុញ្ញាតឲ្យ​​សហរដ្ឋអាមេរិក ការពារខ្លួនឯងផ្ទាល់រួម​និង​សម្ព័ន្ធមិត្ត ​​ប្រសិន​បើ​ប្រទេសរុស្ស៊ី នៅតែរឹងទទឹង​ដដែលនោះ។

យ៉ាងណាមិញ ក្រសួងការបរទេសរុស្ស៊ី បានឆ្លើយតបវិញថា ទីក្រុងម៉ូស្គូ ត្រៀមខ្លួនជានិច្ច ដើម្បីជជែកពិភាក្សាជាមួយភាគីវ៉ាស៊ីនតោន​ ក៏ប៉ុន្តែរុស្ស៊ីបានគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវសន្ធិសញ្ញា INF ក្នុងអំឡុងពេល ០៣ទសវត្សរ៍កន្លងទៅនេះ ហើយនឹងនៅតែបន្ត​បំពេញ​កាត​ព្វកិច្ចរបស់ខ្លួនជាប់​ជានិច្ចនៅក្រោម​សន្ធិសញ្ញា ដរាបណាដៃគូរបស់យើង​នៅតែធ្វើដូចគ្នា។

ម៉្យាងវិញទៀត បើតាម​ក្រសួងរុស្ស៊ី ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបន្ត​បង្កើតការចោទប្រកាន់ ដោយគ្មានភស្តុតាង​​ជាដដែលៗថា ប្រទេសរុស្ស៊ី​បានរំលោភបំពាន​លើសន្ធិសញ្ញា​រវាងប្រទេសទាំងពីរ ក្នុងបរិបទមួយ​ដែលអំណោយផល​ដល់សហរដ្ឋអាមេរិក ក្នុង​ការ​អភិវឌ្ឍ​​និងដាក់ពង្រាយ​សព្វាវុធសំខាន់ៗ​របស់ខ្លួន​ទៅវិញទេ៕