(ប៉ូឡូញ)៖ ក្រសួងការពារជាតិ​ប៉ូឡូញ កំពុងតែស្វែងរក​ប្រព័ន្ធខែល​ការពារមីស៊ីល ដែលមានរយៈចម្ងាយមធ្យម ដូចជា​ប្រភេទ Patriot ជាដើម​ ក៏ប៉ុន្តែតម្លៃលក់​នៃប្រព័ន្ធនេះ​នាពេលបច្ចុប្បន្ន របស់ទីក្រុង​វ៉ាស៊ីនតោន គឺមិនអាចទទួល​យកបានឡើយ បើ​តាម​ប្រមុខ​​ការ​ពារ​ជាតិ​របស់ប៉ូឡូញ បានបង្ហើបឲ្យដឹង។​ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ​២០១៧។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ទីភ្នាក់ងារកិច្ច​សហប្រតិបត្តិការ​ផ្នែកសន្តិសុខ និងការពារជាតិ​អាមេរិក បានប្រកាសអំពី​គម្រោងនៃ​ការ​លក់​​​​​​​មីស៊ីល PAC-3 ចំនួន ២០៨គ្រាប់ រួមជាមួយ​ប្រព័ន្ធបាញ់ ១៦គ្រឿង ក៏ដូចជាប្រព័ន្ធរ៉ា​ដា ០៤គ្រឿង ព្រម​ទាំង​បរិក្ខា​​យោ​ធា ​និងសេវា​ពាក់​​ព័ន្ធ​​ដទៃៗ​​ទៀត មកឲ្យ​រដ្ឋាភិបាល​ប្រទេសប៉ូឡូញ ក្នុង​តម្លៃ​ ១០.៥ពាន់លានដុល្លារ ខណៈប៉ូឡូញ​​បាន​ចាត់​ចែង​​ថវិកា​តែ​ប្រមាណ​ ៨.៤១​​ពាន់​​លាន​​ដុល្លារ​​ប៉ុណ្ណោះ សម្រាប់ប្រើប្រាស់​ក្នុង​កម្មវិធី​​​​ទំនើបកម្មលើ​ប្រព័ន្ធមីស៊ីល​របស់ខ្លួន។

ជុំរិញរឿងទិញ​សព្វាវុធនេះ រដ្ឋមន្រ្តីការពារជាតិ​ប៉ូឡូញ លោក Bartosz Kownacki បានថ្លែងថា «តម្លៃដ៏ថ្លៃបែបនេះ គឺជារឿងគួរ​ឲ្យ​ភ្ញាក់ផ្អើលមួយសម្រាប់យើង ហើយតម្លៃនេះ គឺពុំអាចទទួល​យកបាននោះទេ សម្រាប់ពួកយើង»។ លោក Kownacki បានឲ្យដឹង​ថា​ ប៉ូឡូញកំពុងតែរង់ចាំ​​លិខិតព្រមព្រៀងមួយ ស្តីពីលក្ខខណ្ឌ​នៃការលក់សព្វាវុធ​ខាងលើ ដែលអ្នកចរចា​របស់ភាគីទាំងពីរ គ្រោងនឹង​រិះរក​មធ្យោបាយ ដើម្បីកាត់បន្ថយ​តម្លៃ៕