(អាហ្រ្វិក)៖ កងកម្លាំងរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ យ៉ាងតិច ១៤នាក់ បានបាត់បង់ជីវិត និង ៥២នាក់ ផ្សេងទៀត​បាន​ទទួល​របួស ​នៅ​​សា​ធារ​ណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​កុង​​​ហ្គោ​ ជាហេតុការណ៍​ដែលអង្គការពិភពលោក​មួយនេះ បានថ្កោលទោសធ្ងន់ៗ និង​អះ​អាង​ថា ​ជាការ​វាយ​ប្រហារ​​​ដ៏​អាក្រក់​​បំផុត​មួយ​ នៅក្នុង​ប្រវត្តិសាស្រ្ត​របស់ខ្លួន។ នេះ​បើតាមការដក​ស្រង់ការផ្សាយចេញ​​ពី ​សារ​ព័ត៌​មាន Aljazeera នៅព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។

បើតាម UN កងទ័ពកុងហ្គោ​ផ្ទាល់ចំនួន ០៥នាក់ ក៏បានបាន​ស្លាប់ផងដែរ នៅក្នុងការវាយប្រហារ​ខាងលើ ដែល​កើត​ឡើង​​នៅឯខេត្ត North Kivu ភាគ​ខាងកើតប្រទេស​អាហ្រ្វិកកណ្តាល​មួយនេះ។ ជុំវិញ​ហេតុការណ៍នេះ អគ្គលេខាធិការ​នៃ អង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរែស (Antonio Guterres) បានចេញសេចក្តីថ្លែងការណ៍​ថ្កោលទោស​ធ្ងន់ៗ និង​បាន​ចាត់​ទុក​​ការ​វាយ​ប្រហារ​​ដោយ​ចេត​នា​​​ទាំង​នេះថា មិនអាច​ទទួលយកបាន និងជាឧក្រិដ្ឋកម្ម​សង្រ្គាម។ លោក Guterres បាន​បញ្ជាក់ថា វាគឺជា​ការ​វាយប្រហារអាក្រក់​បំផុតមកលើ​កងរក្សាសន្តិភាព នៅក្នុង​ប្រវត្តិសាស្រ្តថ្មីៗ​នេះ របស់ UN។

គួរជម្រាបថា ការវាយប្រហារ​ខាងលើ បានផ្ទុះឡើងនៅ​ឯមូលដ្ឋានមួយ​កន្លែង ក្នុងក្រុង Beni នៃខេត្ត North Kivu ដែល​ជា​ទី​កន្លែង​របស់​បេសកកម្ម​រក្សាស្ថិរភាព UN ប្រចាំនៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុ​ងហ្គោ ហៅកាត់ថា MONUSCO។ ​ម៉្យាងវិញទៀតតំបន់​នេះ​ តែង​តែ​​បាន​ទទួលរង​ការវាយប្រហារ ជាច្រើនលើក​ច្រើនសា ពីសំណាក់​ក្រុមឧទ្ទាម ADF៕