(យូអិន)៖ មន្ត្រីទូតតំណាងចក្រភព​អង់គ្លេស នៅអង្គការ​សហប្រជាជាតិ បានបញ្ជាក់ច្បាស់ៗ​នៅទីស្នាក់ការ​របស់ខ្លួន ក្នុងទីក្រុង​ញូយ៉កថា សម្ព័ន្ធមិត្តដ៏ធំរបស់​សហរដ្ឋអាមេរិកមួយនេះ នឹងមិនរើស្ថានទូត​ពីទីក្រុងតែលអាវីវ ទៅកាន់​ហ្សេរុយសាឡឹម ដូចអ្វីដែល លោក ដូណាល់ ត្រាំ បានសម្រេច និងកំពុងធ្វើនោះ​ឡើយ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅ UN លោក ម៉ាតង់ស៊ូ រីក្រូហ្វ (Matthew Rycroft) បានបញ្ជាក់ថា «ជំហររបស់ចក្រភពអង់គ្លេស ទៅលើហ្សេរុយសាឡឹម គឺច្បាស់លាស់ និងយូរអង្វែង។ វាគួរតែ​ត្រូវបាន​ដោះស្រាយ តាមរយៈកិច្ចចរចា​ដែលបង្កើតឡើង​ដោយ​ ជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយក្នុងនោះ ហ្សេរុយសាឡឹម គួរតែត្រូវបាន​ទទួលស្គាល់ជា​រដ្ឋធានីរួម នៃរដ្ឋអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន។ ដូច្នេះយើងសូមប្រឆាំង ចំពោះសេចក្តីសម្រេច​ជាឯកតោភាគី​របស់អាមេរិក ក្នុងការ​ផ្លាស់ប្តូរស្ថានទូត​ពីទីក្រុងតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹម ទាំង​មិនទាន់មានកិច្ច​ព្រមព្រៀង​រួម​មួយត្រូវបានសម្រេចផង»

គួរជម្រាបថា ក្នុងអំឡុងនៃការថ្លែងសុន្ទរកថា​មួយ​ចេញពីសេតវិមាននាសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តទទួលស្គាល់​ ទីក្រុងពិសិដ្ឋ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេស​អ៊ីស្រាអែល ហើយបាន​បញ្ជា​ឲ្យរៀបចំដំណើរការរុះរើ​ស្ថាន​ទូតអាមេរិកភ្លាមៗ ចេញពីក្រុងតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹមតែម្តង៕