(ញូដេលី)៖ រដ្ឋមន្ត្រីមហា​ផ្ទៃឥណ្ឌា លោក រ៉ាចណាត ស៊ីង (Rajnath Singh) បានជំរុញ​ឱ្យ​អាជ្ញាធររបស់ខ្លួន នៅក្នុងរដ្ឋចំនួន ០៥ ដែលមានព្រំដែន​ជាប់ជាមួយ​ប្រទេស​បង់ក្លាដែស បង្កើនការ ប្រុងប្រយ័ត្ន​ក្នុងការទប់ស្កាត់​លំហូរចូល របស់ជនជាតិ​ដើមភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាម​ការដកស្រង់​ការផ្សាយពី ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមមន្ត្រី​ឥណ្ឌា​ម្នាក់ ការបញ្ជាដោយ​ផ្ទាល់ពី លោក Rajnath Singh ធ្វើឡើង​​នៅក្នុង​កិច្ចប្រជុំ​មួយជា​មួយបណ្ដា​រដ្ឋមន្ត្រី នៃរដ្ឋឥណ្ឌា​ទាំង ០៥ នៅភាគ​ខាងកើតនៃ ប្រទេសកាល​ពី​ថ្ងៃព្រហស្បតិ៍ មានដូចជា​រដ្ឋ West Bengal, Assam, Mizoram, Meghalaya និងរដ្ឋ Tripura។ មន្ត្រីរូបនេះ​ដដែល ក៏បានបញ្ជាក់​ផងដែរថា បទបញ្ជានេះ គឺធ្វើឡើងក្នុង​គោលបំណង​រក្សាសន្តិសុខ ព្រមទាំងទប់ស្កាត់​ការធ្វើអន្តោប្រវេសន៍​ខុសច្បាប់ នៅតាមតំបន់​ព្រំដែនតែ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាម​ទប់ស្កាត់លំហូរចូល​ នៃជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែលបាន​និងកំពុងរត់គេចចេញ​ពី​អំពើហិង្សា នៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ខណៈជនជាតិដើមភាគតិច​មួយនេះជាង ៤០,០០០នាក់ កំពុងស្នាក់នៅ​ក្នុងជំរុំបណ្ដោះ​អាសន្នលើទឹកដី​ឥណ្ឌា អស់ពេលជា​ច្រើនឆ្នាំមក​នេះ ហើយមួយ ភាគបីនៃពួកគេ​ត្រូវបានចុះបញ្ជី​ជាមួយទីភ្នាក់ងារ​ជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ៕