(ប៉ារីស)៖ រដ្ឋមន្ត្រីការទេស​បារាំង លោក Jean-Yves le Drian នៅថ្ងៃសុក្រនេះ បាននិយាយថា សកម្មភាពប្រឆាំង​អ៊ីស្រាអែល ឬគេស្គាល់ថា intifada អាចនឹងបង្កជា ហានិភ័យនៅលើទឹកដី​ប៉ាឡេស្ទីន ហើយលោក​ក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្ត​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់​អ៊ីស្រាអែល គឺជាទង្វើផ្ទុយទៅនឹងច្បាប់​អន្តរជាតិ ប៉ុន្តែលោកសូម​ឲ្យគ្រប់គ្នា​មានការស្ងប់ស្ងាត់ កុំឲ្យស្ថានការណ៍កាន់តែរីកធំ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានបារាំង​ Le Figaro​ នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។

លោក Jean-Yves le Drian​ ថ្លែងបែបនេះ​នៅក្នុងកិច្ចសម្ភាសន៍​ជាមួយវិទ្យុបារាំង France inter តែប៉ុន្មានថ្ងៃប៉ុណ្ណោះ​មុនទីក្រុងប៉ារីស ត្រូវទទួលស្វាគមន៍​ដំណើរទស្សន កិច្ច​របស់នាយករដ្ឋមន្រ្តីអ៊ីសា្រអែល លោក Benyamin Netanyahou នៅថ្ងៃ​អាទិត្យនេះ។ រដ្ឋមន្ត្រីការបទេស​បារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចចិត្ត របស់​លោក ដូណាល់ ត្រាំ គឺជាទង្វើ​ផ្ទុយទៅនឹង​ច្បាប់អន្តរជាតិ ហើយយើង​ជំទាស់នឹង​ការសម្រេចិត្ត​បែបនេះ... ប៉ុន្តែយើងនៅតែ​អំពាវនាវឱ្យមានការរក្សា​ភាពស្ងៀមស្ងាត់»។
ដោយឡែកនៅពេលត្រូវ​បានសាកសួរ​ ទាក់ទិននឹងការអំពាវនាវ​ឱ្យប្រឆាំងអ៊ីស្រាអែល ពីសំណាក់​ក្រុមហាម៉ាស់ លោក le Drian បានឆ្លើយថា វាគឺជាហានិភ័យ។

សូមជម្រាបថា កាលពីថ្ងៃពុធ​កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ទទួលស្គាល់ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយក៏បាន បញ្ជាឱ្យក្រសួង​ការបរទេសអាមេរិក ត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូត​អាមេរិកពី​ទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម​ផងដែរ។ ក៏ប៉ុន្តែបណ្ដា​ប្រទេសជាច្រើនរួមទាំង សហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្ត​ទីក្រុងវ៉ាស៊ីនតោន បានចេញ​សេចក្ដីថ្លែងការណ៍​រិះគន់ និងថ្កោលទោស​យ៉ាងខ្លាំង ចំពោះការ​សម្រេចចិត្តនេះ ខណៈក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ នឹងបើកិច្ចប្រជុំបន្ទាន់មួយនៅ​ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុង​ទីក្រុងញូយ៉ក)៕