(ហ្សាការតា)៖ មនុស្សម្នារាប់រយរាប់ពាន់នាក់​បានប្រមែប្រមូលគ្នា នៅក្រៅ​ស្ថានទូតអាមេរិក ក្នុងរដ្ឋធានី​ហ្សាការតា និងគូឡាឡាំពួនាថ្ងៃសុក្រនេះ ដើម្បីសម្តែងការតវ៉ា​ជំទាស់យ៉ាង​ពេញទំហឹង នឹងការសម្រេចចិត្ត​របស់ទីក្រុង​វ៉ាស៊ីនតោន ដែលបានទទួល​ស្គាល់ ហ្សេរុយសា​ឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​​​សុក្រ ទី០៨ ខែធ្នូ ឆ្នាំ​២០១៧។

មនុស្សប្រមាណ ២០០នាក់ មកពីបណ្តាអង្គការ​អ៊ីស្លាមនៅឥណ្ឌូណេស៊ី និងដាច់​ដោយឡែក​មួយក្រុមផ្សេងទៀត ដែលមានគ្នារាប់ពាន់នាក់​នៅគូឡាឡាំពួរ បានបង្ហាញពីការមិនឯកភាព​របស់ពួកគេ ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​ជាឯកតោភាគី​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដោយអ្នកទាំងនោះ​បាន​​កាត់​បដា ​ដែល​​សរ​សេរ​ថា «ហ្សេរុយ​សាឡឹម ពុំមែនជារដ្ឋធានី​អ៊ីស្រាអែល​ឡើយ ហើយពួកយើង​គាំទ្រ​ប៉ាឡេស្ទីន»។ អ្នករៀបចំបាតុកម្មនេះ បានបញ្ជាក់ថា សកម្មភាព​​របស់ពួកគេ គឺជាផ្នែកមួយនៃ​សំឡេងប្រឆាំង​ចំពោះ លោក ត្រាំ ដែលត្រូវបាន​ធ្វើឡើង ដោយប្រជាជាតិ​ដទៃៗទៀត នៅជុំវិញ​​ពិភព​លោក។

គួររំលឹកថា នាសប្តាហ៍នេះ​ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចទទួលស្គាល់ របស់សហរដ្ឋអាមេរិកថា ទីក្រុង​ហ្សេរុយសាឡឹម គឺជារដ្ឋធានីអ៊ីស្រាអែល ខណៈឥណ្ឌូណេស៊ី ដែលជាប្រទេសមានអ្នកប្រតិបត្តិ​សាសនាធំជាងលើលោក ព្រមជាមួយនឹងប្រទេសម៉ាឡេស៊ី ជាប្រទេសជិតខាង និងតែងតែមានទំនាក់ទំនងល្អ ជាមួយអាមេរិករហូតមកនោះ បាន​ប្រកាស​ថ្កោលធ្ងន់ៗ​ចំពោះការសម្រេចចិត្តនេះ ហើយទទូចឲ្យ​លោក ត្រាំ ធ្វើការគិតគូរ​ពិចារណាឡើងវិញ​ឲ្យបានច្បាស់៕