(ព្រុចសែល)៖ នៅទីបំផុត​ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប​បានឈានដល់កិច្ចព្រមព្រៀង​មួយ ស្ដីពីការលែងលះគ្នា ឬ Brexit នៅថ្ងៃសុក្រនេះ ហើយដែលវា​នឹងក្លាយ ជាការត្រួសត្រាយ​ផ្លូវ ឆ្ពោះទៅរកកិច្ចពិភាក្សា​ដំណាក់កាលទី ២ ពាក់ព័ន្ធនឹង​ជោគវាសនា នៃទំនាក់ទំនងពាណិជ្ជកម្ម​រវាងភាគី​ទំាងពីរ។ នេះបើតាមលោក Jean-Claude Juncker ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​ក្នុងទីក្រុងព្រុចសែល​ ព្រឹកថ្ងៃសុក្រនេះប្រធានគណៈកម្មការ​អឺរ៉ុប លោក Jean-Claude Juncker បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀង​ជាមួយចក្រភព​អង់គ្លេស គឺសម្បទានមួយ ខណៈការចរចា​គឺជារឿង​មួយដ៏ពិបាក​សម្រាប់សហភាពអឺរ៉ុប រួមទាំងចក្រភពអង់គ្លេស ប៉ុន្តែយើងសង្ឃឹមថា សមាជិកទាំង ២៧ ផ្សេងទៀត​នៃសហភាពអឺរ៉ុប នឹងសម្រេចចិត្ត​បើកទ្វារចរចា​ នៅដំណាក់កាល​ទីពីរ»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May រំពឹងថា កិច្ចព្រមព្រៀង​លើលក្ខខ័ណ្ឌលែង​លះ ឬ Brexit អាចនឹងត្រូវបាន​អនុម័តនៅក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សាអឺរ៉ុប​នៅសប្ដាហ៍​ក្រោយ ខណៈអង់គ្លេស​នឹងត្រូវចាកចេញពី​សហភាពអឺរ៉ុបនៅខែមីនា ឆ្នាំ២០១៩៕