(កង់បេរ៉ា)៖ អ្នកស្រឡាញ់ភេទដូចគ្នា​នៅក្នុងប្រទេស​អូស្រ្ដាលី នឹងមានសិទ្ធិរៀបការ​ជាមួយនឹងគ្នា​ដោយស្របច្បាប់ បន្ទាប់សេចក្ដីព្រាងច្បាប់​ ត្រូវបានសភាអូស្ត្រាលី​អនុម័ត។ នេះបើ តាមការដកស្រង់ការផ្សាយ​ពីសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។​

សមាជិសភា​អូស្ត្រាលីភាគច្រើន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបោះឆ្នោតអនុម័ត​ផ្លាស់ប្ដូរច្បាប់​អាពាហ៍ពិពាហ៍ តែ០៨ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការសម្រេច​ចិត្តដូចគ្នានេះ ក៏ត្រូវបានធ្វើ​ឡើងផងដែរ នៅក្នុង​ព្រឹទ្ធសភា។ ម្យ៉ាងវិញទៀត តាមរយៈ​លទ្ធផលនេះ វាបានបញ្ចប់ភាពចម្រូងចម្រាស​ដ៏ជូរចត់ នៃការជជែកដេញដោលស្ដីពី​ការអនុញាត ឱ្យអ្នកស្រឡាញ់ភេទដូចគ្នា​ អាចរៀបការ ដោយស្របច្បាប់ ហើយមិនមិនតែ​ប៉ុណ្ណោះ ក្រុមអ្នកគាំទ្រ​អ្នកស្រឡាញ់ភេទ​ដូចគ្នា​ជាច្រើន បានធ្វើដំណើរ​ទៅកាន់​ទីក្រុងកង់បេរ៉ា ដើម្បីរង់ចាំមើលលទ្ធផល។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់​ខាងលើត្រូវបាន​សភាតំណាងរាស្ត្រ​អូស្ត្រាលី អនុម័តបន្ទាប់ពី​ប្រជាជនអូស្ត្រាលី​ច្រើនជាង ១២.៧លាននាក់ ឬស្មើនឹង ៧៩.៥ភាគរយ បានបោះឆ្នោត​គាំទ្រ ចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងការស្ទង់មតិ​មួយដោយ​ស្ម័គ្រចិត្ត។ ចំណែកឯ អភិបាលរដ្ឋ​ទាំងអស់ ត្រូវបានគេរំពឹងថា នឹងអនុម័តលើច្បាប់ថ្មីនេះ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដើម្បីធ្វើឱ្យសេចក្ដីព្រាង​ច្បាប់នេះក្លាយ​ទៅជាច្បាប់៕