(ប៉េកាំង)៖ ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះ​ នៃវេទិកាពិភាក្សា​អន្តរជាតិ ស្តីពីបញ្ហាសិទ្ធិមនុស្ស​នៅជុំវិញ​ពិភពលោក មហាយក្សចិន​​បាន​​ធ្វើ​ការអំពាវនាវ​ដោយទទូច​ឲ្យសហគមន៍អន្តរជាតិ គោរពហើយស្វែង​យល់ឲ្យបាន​ស៊ីជម្រៅ ចំពោះឆន្ទៈ​របស់​ប្រជាពលរដ្ឋ នៅ​តាម​បណ្តាប្រទេស​កំពុងអភិវឌ្ឍ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស​នៅក្នុងប្រទេស​ទាំងនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌​មាន CGTN នៅព្រឹក​ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងក្នុង​វេទិកា South-South Human Rights ដែលបានចាប់ផ្តើម​ប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតី​ចិន​ លោក ស៊ី ជិនពីង បានផ្ញើសារ​ទៅកាន់សហគមន៍​អន្តរជាតិថា «វាគឺជារឿងដ៏សំខាន់​ខ្លាំងណាស់ ដែលសហគមន៍​អន្តរជាតិ​ មាន​ការគោរព​ហើយខិតខំស្វែងយល់​អំពីឆន្ទៈ របស់ប្រជាជន​នៅតាមបណ្តាប្រទេស​​​កំពុងអភិវឌ្ឍ ក្រោមស្មារតី​យុត្តិធម៌ ស្មើភាព បើក​ចំហ និងការរួម​បញ្ចូល»

សារខាងលើនេះ​បានបន្តថា «នាពេលកន្លងមក ប្រជាពលរដ្ឋនៅ​ក្នុងបណ្តាប្រទេស​ទាំងនោះ បានខិតខំតស៊ូព្យាយាម​ជាខ្លាំង ​ដើម្បីការរំដោះ និងឯករាជ្យភាព​ជាតិមាតុភូមិរបស់​ពួកគេ ដើម្បីសិទ្ធិសេរីភាព និងសមភាព, ដើម្បីសេចក្តីថ្លៃថ្នូរ និងសុភមង្គល និង​ដើម្បី​សុខ​សន្តិ​ភាព​និងការអភិវឌ្ឍ​។ ហេតុដូច្នេះ​ហើយ ពួកគេក៏បានចូលរួម​ចំណែកជាច្រើន ក្នុងវឌ្ឍនភាព​នៃសិទ្ធិមនុស្ស នៅលើ​​ពិភព​លោក​​​ផង​ដែរ​»​។

គួរជម្រាបថា មន្រ្តីព្រមទាំង​អ្នកជំនាញជាង ៣០០នាក់ មកពីបណ្តាប្រទេស និងអង្គការអន្តរជាតិ​ច្រើនជាង ៧០ បាននិងកំពុង​ប្រមូល​​ផ្តុំ​គ្នា នៅក្នុង​ប្រទេសចិន ដើម្បីដោះដូរ​ទស្សនៈ ជុំវិញការវិត្តន៍នៃបញ្ហា​សិទ្ធិមនុស្ស នៅក្នុងវេទិការយៈ​ពេល ០២ថ្ងៃ ដែល​នឹងត្រូវបិទ​បញ្ចប់នា​ថ្ងៃសុក្រនេះ៕