(ទ្រីប៉ូលី)៖ ក្រោយពី​ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្វើការសម្រេចចិត្ត​​ផ្លាស់ប្តូរ ​ស្ថានទូតអាមេរិក​​ប្រចាំនៅ​អ៊ីស្រាអែល​ ពី​ទីក្រុង​​តែលអាវីវ (Tel Aviv) ​ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម​ដ៏ចម្រូងចម្រាសនោះ បណ្តាប្រទេស​ជាច្រើន នៅតែបន្តធ្វើ​ការថ្កោល​ទោស​ជាខ្លាំង ចំពោះការសម្រេចចិត្តនេះ ហើយក្នុងចំណោម​នោះក៏មាន​លីប៊ីផងដែរ ដែលបានចេញ​មុខអំពាវនាវ​​ដល់​ជនរួមជាតិ​​លីប៊ី​ ក៏ដូចជា​ជនមូស្លីម​ទាំងអស់ នៅទូទាំង​ពិភពលោក​រួមគ្នាធ្វើ​មហាបាតុកម្ម​ដោយ​សន្តិវិធី ប្រឆាំងនឹង​​លោក ដូណាល់ ត្រាំ។​ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។

ឧត្តមក្រុមប្រឹក្សាលីប៊ី បានចេញសេចក្តីថ្លែងការណ៍មួយ​យ៉ាងដូច្នេះថា «យើងទាមទារ​ឲ្យសហគមន៍​អន្តរជាតិ អង្គការនៃកិច្ច​​សហ​ប្រតិបត្តិការ​អ៊ីស្លាម និងសម្ព័ន្ធ​អារ៉ាប់ ប្រកាន់គោលជំហរ​ឲ្យ​បានច្បាស់ ហើយចាត់វិធានការ​​ទប់ស្កាត់​​ការអនុវត្ត នៃ​ការសម្រេចចិត្ត​​​របស់លោក ត្រាំ ដើម្បីថែរក្សាតុល្យភាព​រួមទាំងស្ថិរភាព នៅក្នុងតំបន់​មជ្ឈិមបូព៌ា»។​ សេចក្តីថ្លែងការណ៍ដដែល​បានបន្ថែមថា​ ​ការ​បោះជំហាន​របស់លោក ត្រាំ នេះ ជុំវិញបញ្ហាហ្សេរុយសាឡឹម នឹងបង្កផលប៉ះពាល់ដល់​ក្តីសង្ឃឹមទាំងឡាយ​ សម្រាប់ការស្វែង​រក​​ដំណោះស្រាយដើម្បីសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួរជម្រាបថា ក្នុងអំឡុងនៃការថ្លែងសុន្ទរកថាមួយ​ចេញពីសេតវិមាននាសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តទទួលស្គាល់​ ទីក្រុងពិសិដ្ឋ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេស​អ៊ីស្រាអែល ហើយបាន​បញ្ជា​ឲ្យរៀបចំដំណើរការរុះរើ​ស្ថាន​ទូតអាមេរិកភ្លាមៗ ចេញពីក្រុងតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹមតែម្តង៕