(ហ្កាហ្សា)៖ ក្រុមហាម៉ាស់-ប៉ាឡេស្ទីន ប្រចាំនៅតំបន់ ហ្កាហ្សាស្ទ្រីព (Gaza) បានចេញ​មុខជំរុញឱ្យ​ប្រជាជន​ប៉ាឡេស្ទីន ទំាងអស់ បោះបង់ចោលកិច្ចខិតខំប្រឹងប្រែង​ស្វែងរក​សន្តិភាព ហើយក្រោកឈរ​ឡើងប្រឆាំងនឹង អ៊ីស្រាអែល​ ជាការឆ្លើយតបទៅនឹង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាស​ទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី​របស់​អ៊ីសា្រអែល កាលពីថ្ងៃពុធកន្លងទៅ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។

ជុំវិញការប្រកាស​ទទួលស្គាល់​នេះដែរ កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនប៉ាឡេស្ទីន​បាននំាគ្នា​ធ្វើ​ការតវ៉ាក្នុង​តំបន់ វែសត៍ ប៊ែង (West Bank) និងតំបន់ Gaza រីឯអំពើហិង្សា​ក៏បានផ្ទុះឡើង​ផងដែរ ដោយបានបណ្ដាល​​មនុស្ស ៣១នាក់ រងរបួស​ដោយសារគ្រាប់កាំភ្លើង​ជ័រ​ របស់យោធា​អ៊ីស្រាអែល ដែលបានអះអាង​ថា យន្ដហោះចម្បាំង និងរថក្រោះរបស់ខ្លួន​បានវាយប្រហារ​លើ គោលដៅ​ចំនួនពីរនៃ​ក្រុមហាម៉ាស់ បន្ទាប់ពីគ្រាប់រ៉ុក្កែតបីគ្រាប់ ត្រូវបានបាញ់ចូល​ក្នុងដីអ៊ីស្រាអែល។

ទោះយ៉ាងនេះក្ដី មេដឹកនាំ​ក្រុមហាម៉ាស់ លោក អ៊ីស្មែល ហានីយ៉េហ៍ (Ismail Haniyeh) បានជំរុញឱ្យ​ប្រជាជនប៉ាឡេស្ទីន​ទំាងអស់ បោះបង់​ចោលកិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរកសន្តិភាព ហើយក្រោកឈរ​ឡើងប្រឆាំង​​អ៊ីស្រាអែល។ «យើងត្រូវក្រោកឈរឡើង ហើយយើងត្រូវធ្វើ ការងាររួមគ្នា ដើម្បីធ្វើប្រតិបត្តិការ​ប្រឆាំងនឹងសត្រូវរបស់​យើង គឺអ៊ីស្រាអែល»។ នេះបើតាម​លោក Ismail Haniyeh។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសទទួល​ស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់​អ៊ីស្រាអែល។ ប៉ុន្តែ​ទន្ទឹមគ្នា ការសម្រេចចិត្ត​នេះ បានបង្កឱ្យមានការថ្កោលទោស​យ៉ាងខ្លាំង ពីសំណាក់បណ្ដា​ប្រទេសនានា ជាពិសេស​គឺបណ្ដាប្រទេសអ្នកកាន់​សាសនាអ៊ីស្លាម ដែលបានព្រមាន​ថា ជម្លោះ និងអំពើហិង្សា នឹងផ្ទុះឡើង​ក្នុងតំបន់មជ្ឈិមបូព៌ា​ទាំងមូល៕