(អាហ្សង់ទីន)៖ អតីតប្រធានាធិបតី​អាហ្សង់ទីន លោកស្រី គ្រីស្ទីណា ហ្វែណាន់ដែស (Cristina Fernadez de Kirchner) ត្រូវបានចៅក្រមម្នាក់​បញ្ជាឲ្យធ្វើ​ការ​​ចាប់​ខ្លួន ក្រោមការចោទប្រកាន់​ដោយគ្មាន​ភស្តុតាងថា លោកស្រី បានលាក់បាំងករណីមានជាក់ពាក់ព័ន្ធរបស់​ប្រទេសអ៊ីរ៉ង់ នៅ​ក្នុង​សោកនាដកម្ម​បំផ្ទុះគ្រាប់បែក​ កាលពីឆ្នាំ១៩៩៤ ដែលបានផ្តាច់​យកជីវិតមនុស្សចំនួន៨៥នាក់ នៅមជ្ឈមណ្ឌល​សហគមន៍​ជន​ជាតិ​ជ្វីប​​មួយកន្លែង។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Aljazeera នៅព្រឹក​ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។​

ចៅក្រមអាហ្សង់ទីន​ដ៏មានឥទ្ធិពលម្នាក់​គឺ លោក កាឡូស បូណាឌីយ៉ូ (Carlos Bonadio) នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ បានអះអាង​ថា​​ លោកស្រី Kirchner ដែលបានដឹកនាំ​ប្រទេសនៅតំបន់​អាមេរិកខាងត្បូងនេះ កាលពីចន្លោះឆ្នាំ​២០០៧ និង២០១៥នោះ ត្រូវតែស្ថិតក្រោម​ការ​ឃុំ​ឃាំង​​ជា​បណ្តោះ​អាសន្ន ​មុន​ពេល​មាន​ការជំនុំជម្រះក្តី​នៅតុលាការ និងត្រូវដកអភ័យ​ឯកសិទ្ធិចោល​ថែមទៀត។ ជាមួយគ្នានេះ សេចក្តីបង្គាប់របស់​ចៅក្រម​ខាងលើ ក៏បានអំពាវនាវ​ឲ្យមាន​ការចាប់ខ្លួន លោក ហិចធើ ធីមើម៉ាន់ (Hector Timerman) ដែលជាអតីត​រដ្ឋ​មន្រ្តី​​ការ​​បរ​ទេស​​អាហ្សង់ទីន ព្រមទាំងមន្រ្តីមួយចំនួន​ផ្សេងទៀតផងដែរ ដែលធ្លាប់បម្រើការ​នៅក្នុងរដ្ឋបាល​ទាំង២អាណត្តិ របស់​លោក​ស្រី Kirchner។

គួរជម្រាបថា លោកស្រី Cristina Kirchner បានរងការចោទ​ប្រកាន់​ពី​​បទ​ក្បត់ជាតិ និងធ្វើអន្តរាគមន៍​​ ​ក្នុង​ការស៊ើបអង្កេត​ទៅលើ​ករណីបំផ្ទុះ​​គ្រាប់​បែក​កាលពីឆ្នាំ១៩៩៤ តាមរយៈការចុះ​អនុស្សរណៈយោគយល់​គ្នា ​រវាងរដ្ឋាភិបាល​អាហ្សង់ទីន និង​រដ្ឋាភិបាល​អ៊ីរ៉ង់។ ការ​ចុះ​កិច្ច​ព្រមព្រៀង​កាលពី​ឆ្នាំ២០១២នេះ បានអនុញ្ញាតឲ្យ​​​បណ្តាមន្រ្តីអ៊ីរ៉ង់​ ដែល​ជាប់​សង្ស័យ​​​ថា​នៅពី​ក្រោយខ្នង ​ការវាយប្រហារ​ទៅ​លើ​​​មជ្ឈមណ្ឌល​​សហគមន៍​ជនជាតិជ្វីប AMIA ដែលបានសម្លាប់​មនុស្ស៨៥នាក់ និងបង្ករបួស៣០០នាក់ ស្ថិតក្រោមការ​ស៊ើបអង្កេត​​នៅក្នុងប្រទេស​របស់ពួកគេ ជាជាងនៅក្នុងប្រទេស​អាហ្សង់ទីន ដែលជាទីកើត​ហេតុ៕