(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅទីបំផុតដូចការរំពឹងទុក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងយ៉េរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល បើទោះជាមាន ការព្រមានពីក្រុមមន្ត្រីអាមេរិកខ្លួនឯង និងបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ៕

២៖ ជាមួយផ្សែងអ័ព្ទយ៉ាងខ្មួលខ្មាញ់ និងអណ្តាតភ្លើងដ៏សន្ធោសន្ធៅ នៃភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលកាន់តែខ្លាំងទៅៗ នៅរដ្ឋកាលីហ្វរញ៉ាបានបន្តវាយលុកមកដល់ ទីក្រុងឡូសអាន់ជែឡែស (L.A) ថែមទៀត ដែលជាទីប្រជុំជនដ៏ធំសម្បើមមួយរបស់សហរដ្ឋអាមេរិក៕

៣៖ កូរ៉េខាងជើងបានទាត់ចោល ការថ្កោលទោសលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបស់ខ្លួនពីសំណាក់សហរដ្ឋអាមេរិក ដោយថែមទំាងព្រមានចំៗថា នឹងមិនគេចចេញពី សង្រ្គាមជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ បើទោះជាទីក្រុងព្យុងយ៉ាងមិនចង់ឱ្យសង្រ្គាមកើតឡើងក៏ដោយ៕

៤៖ សហភាពមីយ៉ាន់ម៉ាបានបង្ហាញពីគោលជំហរជំទាស់ ចំពោះដំណោះស្រាយមួយរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR ដែលទាក់ទិននឹងបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ក៏ប៉ុន្តែបានសន្យាវិញថា នឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៅរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេសនេះ៕

៥៖ វិស័យអវកាស និងវិទ្យាសាស្ត្រ គឺភាគច្រើនទទួលការចាប់អារម្មណ៍ខ្លាំង សម្រាប់តែប្រទេស ដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងក្លាប៉ុណ្ណោះ ព្រោះវាជាវិស័យដែលមានទស្សនវិស័យ វែងឆ្ងាយបំផុតនិងផ្តល់ផលប្រយោជន៍យូរអង្វែង សម្រាប់មនុស្សលោកលើផែនដី ប៉ុន្តែត្រូវការចំណាយថវិកាជាតិច្រើនបំផុត៕

៦៖ កងទ័ពចិននៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការមិនពេញចិត្ត និងប្រឆាំងយ៉ាងដាច់ខាតតែម្តង ចំពោះការបញ្ជាយន្តហោះដ្រូន (UAV) ដែលគេអាចហៅបានថាជាយន្តហោះ ស៊ើបការណ៍សម្ងាត់គ្មានមនុស្សជិះ ចូលមកក្នុងដែនអាកាសរបស់ប្រទេសចិនដែលស្ថិតនៅតាមបណ្តាលព្រំដែនដ៏រសើបរវាងមហាយក្សទាំងពីរ៕