(គូឡាឡាំពួ)៖ ក្នុងចំណោម​បណ្តាប្រទេស​ដទៃៗ រដ្ឋាភិបាល​ម៉ាឡេស៊ី នា​ថ្ងៃព្រហស្បតិ៍នេះ ក៏បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង​ក្រៃលែងរបស់ខ្លួន និងបានទទូចឲ្យ​​សហរដ្ឋអាមេរិក​ ធ្វើការគិតគូរ​ និងពិចារណាឡើងវិញ ទាក់ទិននឹងការសម្រេចទទួលស្គាល់ ទីក្រុង​​ហ្សេរុយសាឡឹម (Jerusalem) ជារដ្ឋធានីរបស់​ប្រទេសអ៊ីស្រាអែល ដោយឯកតោភាគី។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌​មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

រដ្ឋមន្រ្តីការបរទេស​ម៉ាឡេស៊ី បានលើកឡើង​ក្នុងសេចក្តីថ្លែងការណ៍​មួយថា ប្រជាជាតិ​អាស៊ាន​មួយនេះ មាន​ក្តី​ព្រួយ​បារម្ភ​ជា​ខ្លាំង ជុំវិញសេចក្តីប្រកាស​ដ៏ចម្រូងចម្រាស​របស់​សហរដ្ឋអាមេរិក ដោយ​និយាយថា ការសម្រេច​ចិត្តនេះ នឹងបណ្តាលឲ្យ​​​កិច្ចប្រឹង​ប្រែង​​ទាំងឡាយ ដែលត្រូវបាន​ធ្វើឡើង ដើម្បីស្វែងរក​ដំណោះស្រាយ សម្រាប់វិបត្តិ​ប៉ាឡេស្ទីន-អ៊ីស្រាអែល រលាយ​សាបសូន្យ​​ទៅវិញ​បាន​។

ក្រសួងខាងលើ​បានបញ្ជាក់ថា ការប៉ុនប៉ង​ណាមួយ ដើម្បីទទួលស្គាល់​​ហ្សេរុយសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល និងបង្កើត​ ឬ​ក៏​ផ្ទេរ​បេស​កកម្ម​ការទូតនានា ទៅកាន់ទីក្រុងនេះ ត្រូវចាត់ទុកថា ជាការបង្ករឿង​មកលើសហគមន៍​អ៊ីស្លាម និងអារ៉ាប់ និងជាការបំពាន​​សិទ្ធិសេរីភាព​របស់ជនមូស្លីម និងគ្រីស្ទាន ព្រមទាំងសិទ្ធិ​របស់ពលរដ្ឋ​ប៉ាឡេស្ទីន ក៏ដូចជាការរំលោភ​លើច្បាប់អន្តរជាតិ រួម​ជា​មួយ​នឹង​ដំណោះ​ស្រាយពាក់ព័ន្ធ​ផ្សេងៗទៀត របស់​ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ។

សេចក្តីថ្លែងការណ៍​របស់ក្រសួង​ការបរទេស​ម៉ាឡេស៊ី បានសង្កត់ធ្ងន់ជា​ចុងក្រោយថា ការទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជា​រដ្ឋធានីរបស់​អ៊ីស្រាអែល​មិនមែនជាការ​ទទួលស្គាល់​ ដោយឈរលើអង្គហេតុ​ពិតជាក់ស្តែង​នោះឡើយ តែជាការបង្ហាញ​ឲ្យឃើញ​​ពី​ការគាំទ្រ ចំពោះគោលនយោបាយ​អ៊ីស្រាអែល​ទៅវិញទេ៕